(ភ្នំពេញ)៖ កម្មករ-កម្មការិនីចំនួន៥០នាក់ ដែលបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ «Green Meadow Development» ស្ថិតនៅតាមផ្លូវលំក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កើតមានការៈទន់ដៃជើង បានដួលសន្លប់ជាបន្តបន្ទា​ប់។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ អាជ្ញាធរ និងសមត្ថកិច្ច ពិសេសរថយន្តសង្រ្គោះរបស់អង្គភាព៧១១ និងកងពលតូចលេខ៧០ រថយន្តមណ្ឌលសុខភាព បានចេញទៅអន្តរាគមន៍ ជួយសម្រួលដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ចំពោះមូលហេតុ ផ្តើមឱ្យកម្មករដួលសន្លប់ មិនទាន់ដឹងច្បាស់នៅឡើយ សមត្ថកិច្ច កំពុងស៊ើបសួរស្រាវជ្រាវ ចំណែកជនរងគ្រោះ ដួលសន្លប់ ក្នុងអាការៈទន់ដៃជើង ត្រូវបានក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ ចំនួន៣៥នាក់ និងរថយន្តសង្រ្គោះចំនួន៥គ្រឿង ជួយសង្គោះបឋមរួចដឹកបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង៕