(ភ្នំពេញ)៖ មនុស្សជំនិតរបស់លោក សម រង្ស៉ី គឺលោក ហូ វ៉ាន់ និងជាអតីតតំណាងរាស្រ្តរបស់អតីតគណបក្សសង្រ្គោះជាតិ បានបរាជ័យក្នុងការកៀរគរសមាជិកក្រុមប្រឆាំង ឱ្យទៅប្រមូលផ្តុំនៅជុំវិញផ្ទះរបស់លោក កឹម សុខា។ នេះបើតាមការទម្លាយរបស់សមាជិកក្រុមប្រឆាំង ដែលបានទម្លាយប្រាប់បណ្តាញព័ត៌មាន​ Fresh News នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

នាថ្មីៗនេះបន្ទាប់ពីលោក សម រង្ស៉ី បានយកជីវិតនយោបាយរបស់ លោក កឹម សុខា ធ្វើជាកម្មវត្ថុភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ លោក ហូ វ៉ាន់​ ដែលជាមនុស្សជំនិតរបស់លោក សម រង្ស៉ី បានផ្ញើការអំពាវនាវមួយចូលទៅក្នុងក្រុម Facebook Messenger របស់សមាជិកក្រុមប្រឆាំង ដោយអំពាវនាវឱ្យពួកគេ ទៅប្រមូលផ្តុំនៅផ្ទះរបស់លោក កឹម សុខា ចាប់ពីម៉ោង៥ ដល់ម៉ោង៧ល្ងាចរៀងរាល់ថ្ងៃ។

ប៉ុន្តែទោះជាយ៉ាងណា បន្ទាប់ពីមានការអំពាវនាវនេះនៅផ្ទះរបស់ លោក កឹម សុខា មានសភាពស្ងប់ស្ងាត់ ដោយមិនមានឃើញសមាជិកក្រុមប្រឆាំងធ្វើការប្រមូលផ្តុំតាមការ អំពាវនាវរបស់ លោក ហូ វ៉ាន់ នោះទេ។

ពាក់ព័ន្ធនឹងករណីនេះ សមាជិកក្រុមប្រឆាំងមួយចំនួន ដែលមិនពេញចិត្តចំពោះគំនិតរបស់ លោក ហូ វ៉ាន់ បានបង្ហើបប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការដែលពួកគេមិនចូលរួមតាមការអំពាវនាវរបស់ លោក ហូ វ៉ាន់ ដោយសារតែពួកគេ មិនចង់បន្ថែមបន្ទុកល្មើសផ្សេងៗដល់ លោក កឹម សុខា ថែមទៀត។ ទន្ទឹមនឹងនេះ ពួកគេអះអាងថា លោក ហូ វ៉ាន់ ទំនងជាធ្វើតាមនយោបាយអសីលធម៌របស់ លោក សម រង្ស៉ី ដែលចង់បន្ថែមបន្ទុកឱ្យលោក កឹម សុខា កាន់តែធ្ងន់ធ្ងរជាងមុនថែមទៀត។

សម្រាប់លោក កឹម សុខា ឯណោះវិញថ្មីៗនេះបានស្នើសុំដល់កម្លាំងសមត្ថកិច្ច ឱ្យជួយការពារសុវត្ថិភាពរបស់លោក ដោយលោកមានការបារម្ភអំពីគ្រោះថ្នាក់ណាមួយ ដែលអាចកើតឡើងជាយថាហេតុ ក្នុងករណីបើមានការប្រមូលផ្តុំនេះណាមួយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ លោក សម រង្ស៊ី ដែលធ្លាប់ត្រូវបានសមាជិកខ្លួនរិះគន់ថាជាជនកំសាកនោះ បានប្រកាសតាមរយៈ Facebook របស់ខ្លួនដោយបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា។ ក្នុងការភ្នាល់នេះ លោក សម រង្ស៉ី បានកំណត់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនោះ សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ខ្លួននឹងស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឲ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសនៅក្នុងពន្ធនាគារ»។

ភ្លាមៗឆ្លើយតបនឹងការបបួលនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី។ សម្តេចតេជោបានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឲ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗតែម្តង៕