(ភ្នំពេញ)៖​ សំណេីភ្នាល់របស់ទណ្ឌិត​ សម​ រង្ស៊ី​ ដោយយកសេរីភាពលោក​ កឹម​ សុខា​ ជាថ្នូរនោះបាននឹងកំពុងធ្វេីឲ្យមានទស្សន:យល់ឃេីញខុសៗគ្នាពីចេតនារបស់លោក​ សម​ រង្ស៊ី​ លេីការភ្នាល់មួយនេះ។ លោក​ គង់​ គាំ​ អតីតថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ​ និងជាមនុស្សស្និទ្ធលោក​ សម​ រង្ស៊ី​ បានមេីលឃេីញថា​ សំណេីរបស់លោក​ សម​ រង្ស៊ី​ ជាល្បិចកិច្ចកលមួយធ្វេីឲ្យសម្តេចតេជោ​ ហ៊ុន​ សែន​ អន្តរជាតិ​ត្រូវទាល់ច្រក​ ជាពិសេសធ្វេីឲ្យលោក​ កឹម​ សុខា​ ត្រូវខកចិត្ត។

លោក​ គង់​ គាំ​ ដែលជាដៃគូប្រកៀកស្មាលោក​ សម​ រង្ស៊ី​ ប្រយុទ្ធលេីសមរភូមិនយោបាយជាមួយបក្សកាន់អំណាចអស់ជាច្រេីនឆ្នាំ​ បានលេីកជាសំណួរថា​ តើសុខៗស្រាប់តែលើកយកការភ្នាល់ពីការដោះលែងលោក កឹម សុខា ថាជាការ​(រងសម្ពាធអន្តរជាតិ) និង (ដាក់វត្ថុភ្នាល់) គឺ (ការចុះចេញពីតំណែង) របស់នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន។ ហេតុអ្វី? ខ្លាចលោក កឹម សុខា ត្រូវដោះលែងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ និងយ៉ាងយូរនៅខែមីនា ឆ្នាំ២០១៩ ដោយទុកខ្លួនក្រៅកញ្ចប់ឬ?

លោក​ គង់​ គាំ​ បានបញ្ជាក់នៅលេីទំព័រ​ Facebook របស់ខ្លួននៅថ្ងៃអាទិត្យ​ ទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះថាផលជាក់ស្តែងនៃល្បែងភ្នាល់គឺ៖​ ១- នាយករដ្ឋមន្ត្រី អន្តរជាតិ និង កឹម សុខា បានត្រឹមតែទាល់ច្រក និងខកចិត្ត។

២- សេចក្តីសង្ឃឹមទាំងរបស់លោក កឹម សុខា ទាំងរបស់អ្នកគាំទ្រ និងទាំងរបស់ប្រទេសជាតិ ដែលទន្ទឹងគន្លឹះតែមួយគត់ គឺខ្មែរ និងខ្មែរចេះដោះស្រាយបញ្ហាជាតិរបស់ខ្លួនដោយខ្លួនឯង ត្រូវបានរលាយខ្សុរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ លោក សម រង្ស៊ី ដែលធ្លាប់ត្រូវបានសមាជិកខ្លួនរិះគន់ថាជាជនកំសាកនោះ បានប្រកាសតាមរយៈ Facebook របស់ខ្លួនដោយបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា។

ក្នុងការភ្នាល់នេះ លោក សម រង្ស៉ី បានកំណត់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនោះ សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ខ្លួននឹងស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឲ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសនៅក្នុងពន្ធនាគារ»។

ភ្លាមៗឆ្លើយតបនឹងការបបួលនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី។ សម្តេចតេជោបានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឲ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗតែម្តង៕