(កំពង់ស្ពឺ)៖ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ នៅថ្ងៃអាទិត្យទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះអង្កេតទីផ្សារកំពង់ស្ពឺ និងស្តង់លក់ទំនិញនានា នៅបរិវេណប្រារព្ធពិធីបុណ្យអុំទូកខេត្ត។

មន្ដ្រីកាំកុងត្រូល បានបញ្ជាក់ថា ការចុះពិនិត្យនេះ គឺដើម្បីអប់រំណែនាំអាជីវករ ពន្យល់ណែនាំដល់អាជីវករ ឲ្យយល់ដឹងអំពីផលវិបាក នៃការប្រើប្រាស់សារធាតុគីមីហាមឃាត់ ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃ ម្ហូបអាហារ ដែលធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាព។

មន្ដ្រីដដែល បានបន្ថែមទៀតថា ជាមួយគ្នានោះ ក៏ដើម្បីឲ្យយល់ដឹងពីលក្ខណៈអនាម័យ នៃការដាក់តាំងលក់ និងការទទួលខុសត្រូវចំពោះមុខច្បាប់ លើផ្នែកសុវត្ថិភាពម្ហូបអាហារ ប្រុងប្រយ័ត្នជៀសវាងការដាក់តាំង លក់ទំនិញហួសកាលបរិច្ឆេទ ខូចគុណភាព និងទំនិញក្លែងបន្លំ។

នាឱកាសនោះ ក្រុមការងារ ក៏បានធ្វើតេស្តបឋម ពោះគោ សណ្តែកបណ្តុះ ត្រយ៉ូងចេក ស្ករត្នោត (រកសារធាតុគីមីបន្ថែម ម៉្សៅស) ប្រហិតសាច់ក្តាម សាច់គោ សាច់ត្រី (រកសារធាតុគីមីបន្ថែមបូរ៉ាក់) បង្គាស្រស់ មឹកស្រស់ (រកសារធាតុគីមីបន្ថែម Formalin) ប៉ុន្ដែជាលទ្ធផល ពុំបានរកឃើញសារធាតុគីមីបន្ថែមណាមួយទេ៕