(បារាំង)៖ ក្រុមអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ ប្រចាំនៅប្រទេសបារាំង បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការខកចិត្ត និងថ្កោលទោសយ៉ាងដាច់អហង្កាចំពោះ លោក សម រង្ស៉ី ដែលបានយកសិទ្ធិសេរីភាពរបស់ លោក កឹម សុខា ទៅភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន។

ក្នុងសេចក្តីថ្លែងការណ៍ ក្រុមអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ ប្រចាំនៅប្រទេសបារាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមគាំទ្រគណបក្សសង្រ្គោះជាតិប្រចាំប្រទេសបារាំង (CNRP-FRANCE) ថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះអាកប្បកិរិយាប្រមាថដ៏គ្មានសីលធម៌ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលះបង់របស់ លោក កឹម សុខា និងប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានតស៊ូដើម្បីសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»

ពាក់ព័ន្ធនឹងករណីនវ កូនស្រីពៅរបស់លោក កឹម សុខា មេធាវីរបស់លោក និងអ្នកគាំទ្រអតីតមេបក្សប្រឆាំងនេះមួយចំនួន កំពុងខឹងសម្បារនឹង លោក សម រង្ស៊ី ដែលយកជោគវាសនារបស់ លោក កឹម សុខា ធ្វើជាល្បែងភ្នាល់នេះ។

ដោយឡែកនៅលើទំព័រ Facebook របស់លោក កឹម សុខា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ក៏បានសម្តែងការប្រតិកម្មចំពោះការយកសិទ្ធិសេរីភាពរបស់ លោក កឹម សុខា ធ្វើជាល្បែងភ្នាល់នយោបាយដែលផ្តួចផ្តើមឡើង ដោយ លោក សម រង្ស៉ី នាពេលនេះផងដែរ។ ទំព័រ Facebook របស់លោក កឹម សុខា បានប្រតិកម្មយ៉ាងដូច្នេះថា៖ «គាត់មិនមានសេរីភាពមែន តែគាត់មានសម្បជញ្ញ: ដឹងថាអ្នកកំពុងធ្វើអ្វីមកលើរូបគាត់និងប្រទេសជាតិ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ លោក សម រង្ស៊ី ដែលធ្លាប់ត្រូវបានសមាជិកខ្លួនរិះគន់ថាជាជនកំសាកនោះ បានប្រកាសតាមរយៈ Facebook របស់ខ្លួនដោយបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា។ ក្នុងការភ្នាល់នេះ លោក សម រង្ស៉ី បានកំណត់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនោះ សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ខ្លួននឹងស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឲ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសនៅក្នុងពន្ធនាគារ»។

ភ្លាមៗឆ្លើយតបនឹងការបបួលនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី។ សម្តេចតេជោបានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឲ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗតែម្តង៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ ប្រចាំនៅប្រទេសបារាំង៖