(ភ្នំពេញ)៖ ស្ថានទូតនៃប្រទេសចំនួន១៣ ប្រចាំនៅកម្ពុជា បានរំលឹកខួប១០០ឆ្នាំ នៃទិវារំលឹកសន្តិភាព ការបញ្ចប់សង្គ្រាមលោកលើកទី១។ ពិធីនេះផ្តួចផ្តើមរៀបចំដោយស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយប្រតិភូកម្ពុជា និងស្ថានទូតអាល្លឺម៉ង់ ស្ថានទូតរូស្ស៊ី ស្ថានទូតអង់គ្លេស ស្ថានទូតអាមេរិក ស្ថានទូតអូស្ត្រាលី និងស្ថានទូតជប៉ុនជាដើម។

ពិធីនេះធ្វើឡើងនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដោយមានការអញ្ជើញចូលពីសំណាក់ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ប្រមាណ១៥០នាក់ ដោយបានពាក់ផ្កា coppy flower ពណ៌ក្រហម ឬខៀវ ជាទីរំលឹកយូរអង្វែងដល់អ្នកដែលស្លាប់ នៅក្នុងជម្លោះនៃសង្គ្រាមលោកលើកទី១។ ពិធីដែលបានរៀបចំឡើង ដើម្បីជាការរំលឹកការចងចាំ និងជាការគោរពដល់កងកម្លាំងប្រដាប់អាវុធ ដែលបានពលីជីវិត នៅក្នុងពេលបំពេញកាតព្វកិច្ចក្នុងអំឡុងសង្គ្រាមលោកលើកទី១ និងដើម្បីសម្គាល់នូវសន្តិភាព នៃការបញ្ចប់នូវសង្គ្រាមលោកលើកទី១។

លោកស្រី អេវ៉ា ង្វៀនប៊ីញ បានថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃដែលយើងរៀបចំទិវាចងចាំនូវខួបទី១០០ នៃការបញ្ចប់សង្គ្រាមលោកលើកទី០១ ដើម្បីឱ្យយើងចងចាំថាមានមនុស្សជាច្រើនបានពលីជីវិត ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី០១ នេះ ហើយប្រទេសបារាំង មានតួនាទីក្នុងការសម្រួបសម្រួលឱ្យមានរំលឹក និងការនឹកចាំអំពីខួបនៃសង្គ្រាមលោកលើកទី០១»

លោកស្រី អេវ៉ា ង្វៀនប៊ីញ បានចាត់ទុកសង្គ្រាមលោកលើកទី១ ជាវាលពិឃាតដ៏សាហាវឃោរឃៅបំផុត និងអូសបន្លាយរយៈពេលយូរ ដែលបានកាប់ស្លាប់ជីវិតប្រជាជនដោយប្រើប្រាស់នូវសារធាតុពុល និងអាវុធសាហាវៗជាច្រើន ដើម្បីកាប់សម្លាប់ជីវិតរបស់មនុស្ស។ ដូច្នេះហើយការរៀបចំពិធីរំលឹកនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យបណ្តាថ្នាក់ដឹកនាំនានា រួមទាំងប្រជាជាតិនៅទូទាំងពិភពលោក នៅតែចងចាំពីការសម្លាប់មនុស្សយ៉ាងរង្គាល ជាពិសេសត្រូវតែនាំជៀសវាងឱ្យឆ្ងាយពីភ្លើងសង្គ្រាម។

លោកស្រី អេវ៉ា ង្វៀនប៊ីញ បានបន្តថា ជាការពិតណាស់ប្រទេសបារាំង បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីទប់ស្កាត់ និងបញ្ចៀសភ្លើងសង្គ្រាម ដែលអាចនឹងកើតឡើងនាពេលខាងណាមួយជាយថាហេតុ។ ជាមួយគ្នានេះលោកប្រធានាធិបតី ម៉ាក្រុង និងបានបង្កើតឱ្យមានកិច្ចប្រជុំមួយ ដើម្បីបញ្ចៀសមិនឱ្យកើតមានសង្គ្រាមលោកលើកទី០៣ បន្តទៀតនៅលើពិភពលោកយើងនេះ។

ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឱ្យប្រទេសទាំងអស់ជុំវិញពិភពលោក សូមដោះស្រាយបញ្ហាទាំងឡាយ ដោយសន្តិវិធីមិនត្រូវប្រើប្រាស់អាវុធ ដើម្បីដោះស្រាយបញ្ហាដូចអតីតកាលឡើយ ពីព្រោះសង្រ្គាមបានធ្វើឱ្យមានសោកវិនាសសកម្មយ៉ាងខ្លាំង ចំពោះមនុស្សជាតិទូទាំងពិភពលោក។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី សូមអំពាវនាវដល់យុវជនកម្ពុជា ជំនាន់ក្រោយទាំងអស់ ត្រូវបន្តចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីរក្សាការពារ សន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានខិតខំនាំមកជូនជាតិ មាតុភូមិ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ និងការយកអាយុជីវិតរបស់សម្តេច ទៅប្តូរដ៏លំបាកដ៏បំផុត។

សង្គ្រាមលោកលើកទី១ (World War I ឬ First World War) គឺជា​សង្គ្រាម​សកល​មួយ ដែល​មាន​ប្រភព​ចេញពី​ទ្វីបអឺរ៉ុប ពី​ឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨​។ ជា​លទ្ធផល មនុស្សច្រើនជាង១៥លាននាក់ បានស្លាប់នៅក្នុងសង្គ្រាមនេះ។ សង្គ្រាមលោកលើកទីមួយ គឺជាចំបាំងរវាងប្រទេសស្ទើរតែទាំងអស់ នៅក្នុងទ្វីបអឺរ៉ុប។

សង្គ្រាម​នេះ គឺជា​ការប្រយុទ្ធគ្នា​រវាង​ប្លុក​ធំៗ​ពីរ​ ប្លុក​មហាអំណាច​សម្ព័ន្ធមិត្ត (Entente Powers) ដែល​មាន៖ បារាំង អង់គ្លេស និងរុស្ស៉ី ព្រមទាំង​បណ្ដា​អាណានិគម និង​ស្រុកចំណុះ​របស់​ពួកគេ​។ ក្រោយមក ប្រទេស​មហាអំណាច​សំខាន់ៗ​ដូចជា​៖ អ៉ីតាលី បាន​ចូលរួម​នៅ​ខែ​មេសា ឆ្នាំ​១៩១៥ និង​សហរដ្ឋអាមេរិក ចូលរួម​នៅខែ​មេសា ឆ្នាំ​១៩១៧​។

ប្លុក​មហាអំណាច​កណ្ដាល (Central Powers) មាន​៖ ចក្រភពអាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី ព្រមទាំង​អាណាខេត្ត​នៃ​ចក្រភព​របស់ខ្លួន​។ ក្រោយមក ចក្រភពអូតូម៉ង់ បាន​ចូលរួម​នៅ​ខែ​តុលា ឆ្នាំ​១៩១៤ និង​មួយ​ឆ្នាំ​ក្រោយ​ចូលរួម​ដោយ​ប្រទេស​ប៊ុលហ្ការី​។ ព្រឹត្តិការណ៍ ដែល​គេ​សន្មត​ថា​ ជា​បុព្វហេតុ​នាំឱ្យ​ផ្ទុះ​សង្គ្រាមលោក​លើកទី១ គឺ​ការ​ធ្វើឃាត​លើ​ព្រះអង្គម្ចាស់​ហ្វ្រង់ ហ្វែរឌីណង់ រជ្ជទាយាទនៃ​ចក្រភព​អូទ្រីស-ហុងគ្រី ដោយ​និស្សិត​ស៊ែប៊ីបូស្នី ហ្កាវរីឡូ ព្រីនស៊ីប (Gavrilo Princip) មកពី​ក្រុម Young Bosnia កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​១៩១៤ នៅ​តាម​ដងវិថី​មួយ​នៃ​ទីក្រុងសារាយេវ៉ូ​។ ជាប្រតិកម្ម​តប​នឹង​ព្រឹត្តិការណ៍​នេះ នៅ​ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ​១៩១៤ ប្រទេស​អូទ្រីស-ហុងគ្រី បាន​ដាក់​ឱសានវាទបង្ខំឱ្យ​រាជាណាចក្រ​ស៊ែប៊ី ចាប់​ឃាតករឱ្យបានប្រសិនបើ​មិនដូច្នេះទេ សង្គ្រាម​នឹង​ផ្ទុះឡើង​។

ទីបំផុត​ទៅ ប្រទេស​អូទ្រីស-ហុងគ្រី បាន​ប្រកាសសង្គ្រាម​ជាមួយ​ស៊ែបី នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​១៩១៤​។ ចក្រភពរុស្ស៉ី បាន​ប្រកាស​ការពារ​ស៊ែប៊ី​ទល់នឹង​អូទ្រីស-ហុងគ្រី​។ ជាការឆ្លើយតបវិញ ចក្រភពអាល្លឺម៉ង់​ដែលជាសម្ព័ន្ធមិត្តអូទ្រីស-ហុងគ្រី បាន​ប្រកាសសង្គ្រាម​ជាមួយ​រុស្ស៉ី នៅ​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​១៩១៤ និងថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​១៩១៤ ជាមួយ​បារាំង ហើយ​កងទ័ព​អាល្លឺម៉ង់​បាន​ចាប់ផ្ដើម​វាយលុកចូល​ប្រទេស​បារាំង​ដោយ​ឆ្លងកាត់​ប្រទេស​អព្យាក្រឹត​បែលហ្សិក​។ ចក្រភពអង់គ្លេស បាន​ទាមទារឱ្យ​អាល្លឺម៉ង់​គោរព​អព្យាក្រឹតភាព​បែលហ្សិក តែ​មិន​បាន​ទទួល​ចម្លើយ ចក្រភពអង់គ្លេស​ក៏​ប្រកាសសង្គ្រាម​ជាមួយ​អាល្លឺម៉ង់ នៅ​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​១៩១៤​ផងដែរ។

ដំបូងឡើយ សង្គ្រាម​នេះ​មាន​លក្ខណៈ​ជា​សង្គ្រាម​នៅ​ទ្វីបអឺរ៉ុប​ប៉ុណ្ណោះ តែ​ក្រោយមក​មាន​ប្រទេស​ជាច្រើន​ទៀត​បាន​ចូលរួម​ក្នុង​សង្គ្រាម​ជាបន្តបន្ទាប់ ហេតុ​នេះ​ហើយ​សង្គ្រាម​នេះ​បាន​រាលដាល​ពី​សង្គ្រាម​ទ្វីបអឺរ៉ុប ទៅជា​សង្គ្រាមពិភពលោក​តែម្ដង​៕