(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលបច្ចេកទេសសម្រាប់ចៅក្រុម-អាជ្ញាកណ្ដាលកម្រិតអន្ដរជាតិលើកដំបូង ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា សហការជាមួយសហព័ន្ធកីឡាវាយសីអាស៊ី ដោយទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកានេះ ដោយទទួលបានការវាយតម្លៃខ្ពស់ពីលោកបណ្ឌិត មាស សារិន ទីប្រឹក្សាក្រសួងអប់រំ និងជាអនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ។

លោក មាស សារិន បានមានប្រសាសន៍ក្នុងពិធីបិទថា ទោះបីវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលខ្លី ប៉ុន្ដែតាមរយៈការចែករំលែកចំណេះដឹងរបស់គ្រូឧទ្ទេសអន្ដរជាតិ គឺលោក Shrestha Laba Bhakta មន្ដ្រីបច្ចេកទេសមកពីសហព័ន្ធកីឡាវាយសីអាស៊ី លោកជឿជាក់ថា សិក្ខាកាមម្នាក់ៗនឹងទទួលចំណេះដឹងថ្មីៗ និងបទពិសោធន៍ជាច្រើន ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាវាយសីកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសគឺដំណើរឆ្ពោះទៅត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ។

មិនតែប៉ុណ្ណោះ លោកក៏បានណែនាំនូវគុណធម៌ចំនួន ៥ ដែលចៅក្រម-អាជ្ញាកណ្ដាល ក៏ដូចជាអ្នកដឹកនាំកីឡាត្រូវមាន ដើម្បីធ្វើឲ្យវិស័យកីឡាកាន់តែរីកចម្រើនផងដែរ ។ លោកថា «គុណធម៌សម្រាប់អ្នកដឹកនាំកីឡាទាំង ៥ រួមមានទី១៖ ត្រូវមានចំណេះដឹងត្រឹមត្រូវ និងច្បាស់លាស់ ។ ទី២៖ ត្រូវមានបទពិសោធន៍ ។ ទី៣៖ ឆន្ទៈការងារ គឺការបំពេញដោយអស់ពីចិត្ដ ។ ទី៤៖ ការលៈបង់ពេលវេលា គឺការធ្វើកាងារដោយក្ដីស្រលាញ់ និងពេញចិត្ត និងទី៥៖ គឺក្រមសីលធម៌ ដែលមនុស្សម្នាក់ៗត្រូវមាន ដើម្បីរួមគិត រួមធ្វើ និងរួមគ្នាទទួលខុសត្រូវ» ។

ដោយហេតុនេះលោកបានជំរុញឲ្យសិក្ខាកាមម្នាក់ៗ ត្រូវអនុវត្តឲ្យបាននូវគុណធម៌ទាំង ៥ខាងលើ ពិសេសគឺការស្វែងយល់ និងរៀនសូត្រអំពីចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន ដើម្បីជំរុញឲ្យការអភិវឌ្ឍន៍វិស័យកីឡាជាតិមានប្រសិទ្ធភាព និងឈានទៅសម្រេចគោលដៅនាថ្ងៃអនាគត ។ ចុងក្រោយលោកក៏បានផ្ដាំផ្ញើដល់សិក្ខាកាម ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ត្រូវយកចំណេះដឹងរបស់ខ្លួន ទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីជំរុញឲ្យវិស័យកីឡាមួយនេះកាន់តែរីកចម្រើនបន្ថែមទៀត ។

ឧត្តមសេនីយ៍ទោ ជាម សុភាព អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ថា នេះគឺជាលើកទី១ ហើយ ដែលកម្ពុជារៀបចំឲ្យមានវគ្គបណ្ដោះបណ្ដាលចៅក្រម-អាជ្ញាកណ្ដាលកម្រិតអន្ដរជាតិនេះឡើង ដែលចាប់ផ្ដើមកាលពីថ្ងៃទី០៧ ខែវិច្ឆិកាកន្លងទៅ ដោយមានសិក្ខាកាមចូលរួមសរុប ៣៤នាក់ និងមានគ្រូឧទ្ទេសជាជនជាតិនេប៉ាល់លោក Shrestha Laba Bhakta បានចូលរួមធ្វើបទបង្ហាញរយៈពេល ៤ថ្ងៃពេញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៕