(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបង្ហាញរូបភាពអនុស្សាវរីយ៍មួយសន្លឹក ថតក្នុងទសវត្សរ៍ឆ្នាំ៨០ នៅពេលសម្តេចធ្វើជារដ្ឋមន្ត្រីការបរទេស និងជាពេលកម្ពុជាស្ថិតក្នុងស្ថានភាពដ៏យ៉ាប់យឺនបំផុតក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ថ្មីៗ ជាពិសេសជាពេលដែលប្រទេសលោកសេរីហ៊ុមព័ទ្ធសេដ្ឋកិច្ច។

ជាមួយនឹងការបង្ហាញរូបភាពដ៏ចំណាស់មួយសន្លឹកនេះទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេររៀបរាប់ និងក្រើនរំលឹកពីគុណតម្លៃនៃសុខសន្តិភាពដែលកម្ពុជារកបានមកដោយលំបាកនេះផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់លើទំព័រ Facebook សម្តេចថា « សន្តិភាពពិតជាមានតម្លៃខ្លាំងបំផុតដែលមិនអាចកាត់ថ្លៃបានឡើយ។ សន្តិភាពបានធ្វើឲ្យប្រទេសជាតិយើងទាំងមូលកាន់តែរីកចម្រើនរុងរឿង។ សន្តិភាពបានធ្វើឲ្បងប្អូនជនរួមជាតិរស់នៅជួបជុំក្រុមគ្រួសារសប្បាយរីករាយគ្រប់ទីកន្លែង»។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណជនរួមជាតិទាំងអស់ដែលបានចូលរួមថែរក្សាសុខសន្តិភាពផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ពីកាលបរិច្ឆេទនៃការថតរូបភាពអនុស្សាវរីយ៍មួយសន្លឹកដែលសម្តេចបានបង្ហោះផងដែរ។

បើតាមសម្តេចតេជោ ហ៊ុន សែន រូបថត១សន្លឹកនេះប្រហែលជាថតក្នុងឆ្នាំ១៩៨២ ហើយរូបកូនតូចក្នុងរូបនោះថតនោះ គឺលោកស្រី ហ៊ុន ម៉ាណា ដែលកាលនោះមានអាយុប្រហែល២ឆ្នាំប៉ុណ្ណោះ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា «កម្ពុជាពេលនោះ និងពេលនេះ គឺខុសគ្នាដាច់ស្រឡះ»។

សូមបញ្ជាក់ថា កម្ពុជា ទើបនឹងទទួលបានសុខសន្តិភាពពេញលេញរយៈពេលប្រមាណ ២០ឆ្នាំប៉ុណ្ណោះ ក្រោយពេលកងទ័ពខ្មែរក្រហមត្រូវបានលួងលោម ឲ្យចេញពីព្រៃមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។ សុខសន្តិភាពនេះ បានបង្កើនទំនុកចិត្តអ្នកវិនិយោគ អ្នកទេសចរមកកាន់កម្ពុជា ផ្តល់ឱកាសពេញលេញឲ្យកម្ពុជាអភិវឌ្ឍន៍ប្រទេសចេញពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលធម្យមកម្រិតទាបនាពេលបច្ចុប្បន្ន និងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា សុខសន្តិភាពមួយនេះ ក៏ផ្តល់ឱកាសឲ្យអ្នកដែលតែងតែរិះគន់ និងតិះដៀលសម្តេចនោះ មានឱកាសកសាងជីវភាពឲ្យកាន់តែប្រសើរផងដែរ៕