(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី ដែលសុខៗស្រាប់តែបបួលនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ្នាល់ពីរឿងការដោះលែងលោក កឹម សុខា នៅថ្ងៃ២៩​ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានមជ្ឈដ្ឋានទូទៅ ជាពិសេសអ្នកគាំទ្រលោក កឹម សុខា ខឹងសម្បានិងកំពុងផ្ទុះកំហឹងយ៉ាងខ្លាំង។ អ្នកតាមដានព័ត៌មាន និងតែងតែកត់សម្គាល់ឃើញថា សម រង្ស៊ី នេះ ឈ្នានីសមិនត្រឹមតែនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុណ្ណោះទេ ប៉ុន្តែក៏ឈ្នានីសអតីតគូសត្រូវរបស់ខ្លួនដែរ គឺលោក កឹម សុខា ផងដែរ។

ហេតុនេះហើយបានជាម្តងហើយម្តងទៀត សម រង្ស៊ី តែងតែរកវិធីទប់ស្កាត់ជាមុនមិនឲ្យមានការដោះលែងលោក កឹម សុខា ឡើយ ហើយដែលល្បិចបបួលភ្នាល់បែបនេះក៏គ្មានអ្វី ជាអាថ៌កំបាំងពិបាកយល់ពីចេតនារបស់លោក សម រង្ស៊ី បានដែរ។

ឈានពីការមិនហ៊ានស្បថមកជាការបបួលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់ ជាហេតុធ្វើឲ្យមានប្រតិកម្មខ្លាំងពីអ្នកគាំទ្រលោក កឹម សុខា នោះ ទណ្ឌិតល្បិចពិសពុល សម រង្ស៊ី បានខិតខំព្យាយាមបកស្រាយបំភ្លៃប្រសាសន៍ដើមរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ។ ដោយថាការបបួលភ្នាល់របស់ខ្លួនជាមួយសម្តេចតេជោ ហ៊ុន សែន ជាការជួយលោក កឹម សុខា តាមរយៈបកស្រាយឲ្យឃើញពីឥទ្ទិពលរបស់សម្តេចតេជោ ហ៊ុន សែន លើប្រព័ន្ធតុលាការបង្ហាញទៅកាន់អន្តរជាតិ តាមរយៈពាក្យសម្តីរបស់សម្តេចតេជោ ដែលបានថ្លែងថា «ចាំ សេះ ដុះស្នែងទើបបានដោះលែង លោក កឹម សុខា»

តាមពិតទៅការលើកឡើងបំភ្លៃរបស់ទណ្ឌិតកំសាកញីរូបនេះ គឺគ្រាន់តែចង់គេចចេញពីការតិះដៀលរបស់ក្រុមអ្នកគាំទ្រលោក កឹម សុខា តែប៉ុណ្ណោះ។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំដ៏មានបទពិសោធន៍ក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខេត្តតាកែវនាពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់អំពីគោលការណ៍ និងនីតិវិធីច្បាប់ សូម្បីកូនអ្នកស្រុកធម្មតាក៏អាចងាយយល់បានដែរ។

ក្នុងប្រសាសន៍នោះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយដោយពន្យល់តាមផ្លូវច្បាប់យ៉ាងច្បាស់ថា «បើអត់ទាន់ កាត់ទោស គឺអត់ទាន់មានទោសសម្រាប់លើកលែងឲ្យអ្នកឯងទេ។ ហ៊ុន សែន គ្មានសិទ្ធិចុះហត្ថលេខាថ្វាយព្រះមហាក្សត្រឲ្យលើកលែងទោសឲ្យអ្នកណាទាំងអស់នៅពេល ដែលអ្នកណាក៏ដោយស្ថិតក្នុងក្របខណ្ឌជាពិរុទ្ធជន ឬក៏សាលក្រមមិនទាន់ចូលស្ថាពរ។ ឥឡូវអ្នកឯងចាំមើលទៅ ជាពិសេសបងប្អូនអ្នកគាំទ្រអាម្សៀហ្នឹង។ ខ្ញុំសូមផ្ញើសារដ៏ខ្លីមួយថា ចាំ សេះដុះស្នែងបានវាកើត»

ត្រង់នេះគេអាចយល់បានយ៉ាងច្បាស់ណាស់ថា នាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានអះអាងថា ចាំសេះដុះស្នែងទើបដោះលែងលោក កឹម សុខា ដូចដែល សម រង្ស៊ី បានបកស្រាយបំភ្លៃនោះទេ តែសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ចាំសេះ ដុះស្នែង ទើបកើតមានព្រឹត្តិការណ៍ លើកលែងទោសឲ្យអ្នកមិនទាន់មានទោស»។ 

ត្រង់ចំណុចមួយនេះក៏សបញ្ជាក់បានថា លោក សម រង្ស៊ី មិនត្រឹមតែខ្វះសមត្ថភាពផ្នែកផ្លូវច្បាប់ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែបុគ្គលរូបនេះក៏ខ្វះសមត្ថភាព ឬគ្មានកាយសម្បទារ គ្រប់គ្រាន់ក្នុងការស្តាប់យល់ និងវិភាគឲ្យបានត្រឹមត្រូវនូវភាសារបស់របស់នាយករដ្ឋមន្ត្រីកម្ពុជាបានឡើយ បើសូម្បីតែនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ យ៉ាងច្បាស់ៗបែបនេះហើយក៏ដោយ។

ដើម្បីជ្រាបកាន់តែច្បាស់នោះសូមលោក សម រង្ស៊ីស្តាប់ឡើងវិញនូវប្រសាសន៍របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងបញ្ហានេះ នាឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីក្នុងខេត្តតាកែវ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ដូចតទៅ។

ពីខ្ញុំសាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមម្នាក់ រស់នៅខេត្តកំពង់ចាម