(ភ្នំពេញ)៖ ទន្ទឹមគ្នានឹងការផ្តួចផ្តើមភ្នាល់របស់ លោក សម រង្ស៉ី កំពុងផុសផុលក្នុងពិភពនយោបាយខ្មែរ លោកសួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានអះអាងថា លោក កឹម សុខា ពេលនេះគ្រាន់តែជាឧបករណ៍ល្បែងនយោបាយមួយ ដែល លោក សម រង្ស៉ី ទុកលេងល្បែងកម្សាន្តប៉ុណ្ណោះ។

ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News លោក សួន សេរីរដ្ឋា បានអះអាងថា លោក កឹម សុខា ពេលនេះគ្រាន់តែជាឧបករណ៍ ល្បែងនយោបាយមួយ ដែល លោក សម រង្ស៉ី ទុកលេងល្បែងកម្សាន្តប៉ុណ្ណោះ។

លោក សួន សេរីរដ្ឋា បានលើកឡើងយ៉ាងដូច្នេះថា៖ «ឥឡូវ សម រង្ស៊ី យកវាសនា កឹម សុខា មកលេងភ្នាល់គ្នា ដើម្បីបំបាក់ទឹកចិត្ត កឹម សុខា និងបន្ទាបគ្រួសារ កឹម សុខា ដោយចាត់ទុក កឹម សុខា ជាឧបករណ៍ល្បែងនយោបាយរបស់ខ្លួនដើម្បីកម្សាន្ត។ នេះគឺមិនខុសពីពេលដែលសកម្មជនសង្គ្រោះជាតិ កំពុងជាប់គុកទេ ដែលកាលណោះ សម រង្ស៊ី ក៏យកការជាប់គុកច្រវ៉ាក់ របស់សកម្មជនខ្លួនមកលេងសើច ដើម្បីចំណេញលុយ ក្នុងប្រមូលលុយសម្រាប់ទេសចរនយោបាយរបស់ខ្លួនដែរ»

លោកបានបន្តថា «សំផឹងនយោបាយដូច សម រង្ស៊ី វាអស់សាច់ទៅហើយសម្រាប់អ្នកចេះតាមដានតាំងពីឆ្នាំ១៩៩៨ មក រហូតដល់ឆ្នាំ ២០១៨ នេះ គឺវា២០ឆ្នាំហើយ។ តែពួកអ្នកផ្កាប់មុខ ខ្វាក់ខួរក្បាលជាមួយ សម រង្ស៊ី នោះវារឹតតែអស់សាច់ទៅទៀត ដែលចៅហ្វាយខ្លួនលានកន្ទុយកុហកបោកប្រាស់នៅលើគោកហើយ ខ្លួននៅតែតាមបិទបាំងហែហម មិនខុសពីស្រាតខោខ្លួនឯងទៅធ្វើកន្ទបឲ្យ សម រង្ស៊ី ដែលកំពុងវង្វេងឆ្កួតដើរអត់ខោនោះទេ»

ការលើកឡើងរបស់លោក សួន សេរីរដ្ឋា នាពេលនេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសតាមរយៈ Facebook របស់ខ្លួនកាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ ដោយបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា។ ក្នុងការភ្នាល់នេះ លោក សម រង្ស៉ី បានកំណត់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនោះ សម្តេចតេជោត្រូវចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ខ្លួននឹងស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឲ្យសមត្ថកិច្ចចាប់ ដើម្បីអនុវត្តទោសក្នុងពន្ធនាគារ។

ប្រតិកម្មជាច្រើន បានកើតឡើងនៅលើបណ្តាញសង្គម ​Facebook ដើម្បីប្រឆាំងនឹងការផ្តួចផ្តើមបង្កើតការភ្នាល់របស់ លោក សម រង្ស៉ី ក្នុងការយកជីវិតនយោបាយ និងសេរីភាពរបស់ លោក កឹម សុខា មកលេងសើច។ កូនស្រីរបស់លោក កឹម សុខា និងអ្នកគាំទ្រអតីតមេបក្សប្រឆាំងនេះមួយចំនួន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កំពុងខឹងសម្បារនឹង លោក សម រង្ស៊ី។

កូនស្រីពៅរបស់លោក កឹម សុខា គឺកញ្ញា កឹម សម្មាធីតា រួមទាំងអ្នកគាំទ្រជាច្រើន បានផ្សព្វផ្សាយនូវសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ ដោយសម្តែងការខកចិត្តយ៉ាងក្រៃលែង បន្ទាប់ពីបានឃើញទំព័រ Facebook របស់លោក សម រង្ស៉ី ដែលផ្តួចផ្តើមភ្នាល់គ្នាលើករណីដោះលែង ឬមិនដោះលែង លោក កឹម សុខា។ ជាមួយគ្នានេះ ពួកគេក៏បានប្រកាសថ្កោលទោស យ៉ាងដាច់អហង្កាចំពោះ អាកប្បកិរិយាប្រមាថ អគុណធម៌ និងគ្មានសីលធម៌ម្តងហើយម្តងទៀតរបស់ សម រង្ស៉ី ដែលធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយ លោក កឹម សុខា ផងដែរ។

សម្រាប់ លោកសួន សេរីរដ្ឋា,​ លោក សម រង្ស៊ី លែងមានតំលៃជាមនុស្សយូរណាស់មកហើយ តាំងពីបុគ្គលនេះយកការភូតភរកុហកម្តងហើយម្តងទៀតមកធ្វើនយោបាយ។ ដោយរាប់តាំងពីការប្រកាសតាំងខ្លួនជាអ្នកក្លាហាន ហ៊ានជិះយន្តហោះចូលស្រុក និងបោកសកម្មជនថា ខ្លួននឹងមកចូលគុក ជាប់គុកជាមួយសកម្មជន នោះវាជាការកុហករាប់ភ្លេចទៅហើយ។

សូមបញ្ជាក់ផងដែរថា ភ្លាមៗឆ្លើយតបនឹងការបបួលរបស់ លោក សម រង្ស៉ី នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ីផងដែរ។ សម្តេចតេជោបានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឲ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗតែម្តង៕