(ភ្នំពេញ)៖ បន្ទាប់ពីលោក សម រង្ស៉ី មេចលនាសង្គោះជាតិ បានយកសេរីភាពលោក កឹម សុខា មកធ្វើជាកម្មវត្ថុភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ សហមេធាវីលោក កឹម សុខា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា ការដោះលែងលោក កឹម​ សុខា ឬមិនដោះលែង គឺជាឆន្ទានុសិទ្ធិរបស់តុលាការ មិនមែនស្ថិតនៅក្រោមល្បែងភ្នាល់គ្នានេះទេ។

សហមេធាវីលោក កឹម សុខា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖ «ការយកសេរីភាពបុគ្គល ជាពិសេស គឺឯកឧត្តម កឹម សុខា ដែលជាអ្នកនយោបាយ ផ្សារភ្ជាប់ទៅនឹងនយោបាយជាតិមកភ្នាល់ គឺធ្វើឱ្យជាតិកាន់តែបែកបាក់ធ្ងន់ធ្ងរឈឺផ្សាថែមទៀត។ ការដោះលែង ឬការលើកលែងបទចោទប្រកាន់ ដើម្បីឯកឧត្តម កឹម សុខា មានសេរីភាពវិញ គឺជាសមត្ថកិច្ចរបស់តុលាការ មិនស្ថិតក្រោមល្បែងភ្នាល់គ្នានេះទេ។ ទោះជាយ៉ាងណាក៏ដោយ រឿងភ្នាល់គ្នាគឺជារឿងបុគ្គល ប៉ុន្តែបើតុលាការសម្រេច ដោះលែងឯកឧត្តម កឹម សុខា ឲ្យមានសេរីភាពវិញ នោះមិនមានន័យថា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ចាញ់ការភ្នាល់នោះទេ ព្រោះនេះជានិតីវិធីច្បាប់ដែលត្រូវអនុវត្ត មិនមែនសម្តេច ហ៊ុន សែន ជាអ្នកដោះលែងទេ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ ដោយបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា។ ក្នុងការភ្នាល់នេះ លោក សម រង្ស៉ី បានកំណត់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនោះ សម្តេចតេជោត្រូវចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ខ្លួននឹងស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឲ្យសមត្ថកិច្ចចាប់ ដើម្បីអនុវត្តទោសក្នុងពន្ធនាគារ។

ភ្លាមៗឆ្លើយតបនឹងការបបួលរបស់ លោក សម រង្ស៉ីនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ីផងដែរ។ សម្តេចតេជោបានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឲ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗតែម្តង៕