(កំពង់ចាម)៖ ដោយចុះត្រួតពិនិត្យឃើញស្រែស្រូវរបស់ប្រជាពលរដ្ឋនៅឃុំវិហាធំ ស្រុកកំពង់សៀម កំពុងខ្វះទឹកស្រោចស្រពនោះ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសម្រេចបន្ថែមម៉ាស៊ីនបូមទឹកមួយគ្រឿងទៀត ដើម្បីជួយសង្គ្រោះស្រែស្រូវដែលកំពុងខ្វះខាតទាំងនោះ ឱ្យបានទាន់ពេលវេលា។

គួរកត់សម្កាល់ថា អំឡុងពេលចុងរដូវវស្សា ឆ្នាំ២០១៨នេះ មិនថាតែខេត្តកំពង់ចាមប៉ុណ្ណោះទេ ដែលជួបគ្រោះរាំងស្ងួតខ្វះទឹកស្រោចស្រពស្រែស្រូវ និងដំណាំដាំដុះនានា នៅតាមខេត្តមួយចំនួនទៀតក៏កំពុងជួបបញ្ហាដ៏លំបាកនេះផងដែរ ដែលនេះគឺទាមទារឱ្យមានការជួយអន្តរាគមន៍ពីសំណាក់អាជ្ញាធរ ក្រសួង-មន្ទីរជំនាញនានា ដើម្បីជួយដល់ប្រជាកសិករដែលកំពុងជួបបញ្ហាក្នុងរបរកសិកម្មរបស់ពួកគាត់។

បើតាមពលរដ្ឋនៅភូមិពង្រ នៅឃុំវិហាធំ លោក អ៊ុ ណែម បានឱ្យដឹងថា បច្ចុប្បន្ននេះស្រូវវស្សារបស់ប្រជាពលរដ្ឋជាច្រើនហិកតាទូទាំងឃុំវិហាធំ ស្រុកកំពង់សៀម បាននិងកំពុងទទួលរងនូវការគំរាមកំហែងដោយគ្រោះរាំងស្ងួត ក្នុងនោះស្រូវខ្លះស្ទើរតែខ្លោចខូចតែម្តង។

កសិកររូបនេះបានបន្តថា សព្វថ្ងៃមានម៉ាស៊ីនបូមទឹកមួយ ដែលខាងអាជ្ញាធរខេត្តកំពង់ចាមបានដាក់ប្រចាំការ សម្រាប់បូមទឹកចេញពីបឹងធំបញ្ចូលទៅស្រែស្រូវរបស់ប្រជាកសិករ ប៉ុន្តែម៉ាស៊ីននោះអាចសង្គ្រោះបានស្រែស្រូវមួយចំនួន ដោយឡែកនៅស្រែស្រូវក្នុងឃុំមួយចំនួនទៀត មិនទាន់ជួយសង្គ្រោះបាននៅឡើយ។

បើតាមកសិករ អ៊ុ ណែម កាលពី២០ឆ្នាំមុន ដំណាំស្រូវក្នុងឃុំវិហាធំនេះ ធ្លាប់ជួបគ្រោះរាំងស្ងួតម្តងដែរ ហើយចាប់តាំងពីពេលនោះមកមិនមានបញ្ហាអ្វីទេ ទើបតែឆ្នាំនេះទេ ដែលស្រែស្រូវក្នុងឃុំវិហាធំទទួលរងនូវការគំរាមកំហែងដោយគ្រោះរាំងស្ងួតនេះម្តងទៀត។

បន្ទាប់ពីបានទទួលដំណឹងនៃគ្រោះរាំងស្ងួតនេះ លោកអភិបាលខេត្ត គួច ចំរើន លោកបានដឹកនាំក្រុមការងារ មន្ទីរជំនាញនានាចុះពិនិត្យដោយផ្ទាល់ ដើម្បីសិក្សាអំពីស្ថានការណ៍ និងរកវិធីដើម្បីជួយសង្គ្រោះស្រែស្រូវ និងដំណាំដាំដុះដទៃទៀតរបស់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងការគំរាមកំហែងដោយគ្រោះរាំងស្ងួតនោះ។

បន្ទាប់ពីបានពិភាក្សាជាមួយមន្ត្រីជំនាញរួចមក អភិបាលខេត្តដ៏សកម្មរូបនេះ បានសម្រេចដាក់ម៉ាស៊ីនបូមទឹកមួយគ្រឿងបន្ថែមទៀត ដើម្បីពន្លឿនការបូមទឹកសង្គ្រោះស្រែស្រូវទាំងនោះឱ្យបានទាន់ពេលវេលា៕