(កំពង់ធំ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនជនសង្ស័យ៩នាក់ ដែលជាបុគ្គលិករបស់ក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា (DUVERA KITCHEN Cambodia) ពាក់ព័ន្ធករណីឆបោកតាមទូរស័ព្ទថាត្រូវរង្វាន់ Power Bank តែពេលទៅយក បង្ខំឲ្យទិញទំនិញខ្ទង់ពាន់ដុល្លារ ទៅដាក់ពន្ធនាគារខេត្តកំពង់ធំជាបណ្ដោះអាសន្ន។

មន្ដ្រីតុលាការបានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០១៨នេះ ថាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនេះ បានធ្វើឡើង​ក្រោយ​លោក អ៉ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ សម្រេចចោទប្រកាន់ពួកគេទាំង៩នាក់រួចរាល់តាមនីតិវិធីច្បាប់។

សូមជម្រាបថា ក្រោយមានប្រជាពលរដ្ឋ និងមន្រ្តីរាជការមួយចំនួន ត្រូវបានក្រុមហ៊ុនទាក់ទងតាមទូរស័ព្ទ ប្រាប់ថា ត្រូវរង្វាន់ Power Bang (ដុំបញ្ចូលភ្លើងទូរស័ព្ទ) ដើម្បីបញ្ចោតឲ្យពួកគាត់ ចូលទៅទីតាំងរបស់ខ្លួន ងាយស្រួលបង្ខំឲ្យទិញសម្ភារដែលមានតម្លៃចាប់ពី១ពាន់ដុល្លារ រហូតដល់ទៅ៣ពាន់ដុល្លារ តាមរយៈការចាប់ឆ្នោត ដែលត្រូវបានគេរៀបជាអន្ទាក់នោះ ប្តឹងមកសមត្ថកិច្ច ក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា ត្រូវបានព្រះរាជអាជ្ញាខេត្តកំពង់ធំ លោក អ៊ិត សុធា​ ដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាប ដោយសង្ស័យគ្មានច្បាប់អនុញ្ញាតប្រកបអាជីវកម្ម។

លោក ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ លោកក៏បានដឹកនាំកម្លាំង ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា ចុះទៅពិនិត្យទីតាំងក្រុមហ៊ុន DUVERA KITCHEN Cambodia នៅសណ្ឋាគារដំរីជាន់ខ្លា វល្លិ៍មាស នៅជាន់ទី១ កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា។

លោកបានបន្តថា កម្លាំងរបស់លោក បានចុះពិនិត្យទីតាំងដាក់តាំងលក់សម្ភារ ក្នុងសណ្ឋាការយ៉ាងស្ងាត់ៗ និងក្នុងបន្ទប់តូចៗ ដែលមិនបានបើកចំហរជាសាធារណៈ គឺបានប្រទះឃើញម៉ាស៉ីនម៉ាស្សាខ្នង បំពង់ចំម្រោះទឹកស្អាត ឆ្នាំដាំបាយ ជើង ក្រាន រួមទាំងថ្នាំមួយចំនួន។ ផលិតផលទាំងនេះ មានសរសេរលាយឡំគ្នា ខ្លះជាភាសាជប៉ុន ខ្លះភាសអង់គ្លេស ខ្លះភាសាចិន តែបុគ្គលិកប្រចាំការបានប្រាប់ថា ជាផលិតផលរបស់អាមេរិកកាំងទាំងអស់ ក្នុងនោះសមត្ថកិច្ច ក៏បាននាំនារីដែលជាបុគ្គលិកក្រុមហ៊ុន ចំនួន៧នាក់ មកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំផងដែរ។

ជនរងគ្រោះក្នុងអំពើឆបោកខាងលើនេះ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ មានក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា ទាក់ទងតាមទូរស័ព្ទថា ត្រូវរង្វាន់ Power Bank ឲ្យគាត់មកទទួលយកនៅទីតាំងខាងលើ។ លុះមកដល់ ពួកគេបាននិយាយរៀបរាប់ពីផលិតផលផ្សេងៗជាហូរហែរ បន្ទាប់មកក៏បានឲ្យជនរងគ្រោះដេកលើផ្ទាំងម៉ាស្សាខ្លួន ដែលប្រើប្រាស់ ដោយចរន្តអគ្គិសនី ក្រោយមកក៏បានយកសន្លឹកឆ្នោតជាច្រើនសន្លឹក ឲ្យចាប់ឆ្នោតដើម្បីទទួលបានរង្វាន់ធំ។

ក្រោយពីចាប់ហើយ ក៏ស្រាប់តែបុគ្គលិកក្រុមហ៊ុន នាំគ្នាហ៊ោត្រេកអរនឹងការត្រូវរង្វាន់ធំ ដែលមានតម្លៃជាង២ពាន់ដុល្លារ តែត្រូវបានបញ្ចុះតម្លៃត្រឹមជាង១ពាន់ដុល្លារ។ ខណៈពេលត្រូវរង្វាន់ មានបុគ្គលិកដើរតួសម្តែង ទាក់ទងទៅរាយការណ៍ជូនមេធំរបស់គេនៅភ្នំពេញ ដើម្បីឲ្យមេបញ្ជាក់ថា ជនរងគ្រោះជាមនុស្សសំណាងល្អណាស់ ដែលត្រូវរង្វាន់បញ្ចុះតម្លៃជាង១ពាន់ដុល្លារ ដើម្បីបង្ខំឲ្យជនរងគ្រោះទិញសម្ភារទាំងនោះភា្លមៗ ដោយមិនទុកឱកាសឲ្យពិភាក្សាពីក្រុមគ្រួសារឡើយ តែបើមិនទិញទេ បុគ្គលិកទាមទារប្រាក់កក់១០០ដុល្លារ។

ជនរងគ្រោះ បានបញ្ជាក់បន្តថា ទំនិញអន់បំផុតដែលលក់បើគិតពីតម្លៃគឺថោក តែក្រុមបុគ្គលិកក្រុមហ៊ុន ប្រើមធ្យោបាយបង្ខំឲ្យទិញ ដោយមិនឲ្យចាកចេញទៅណា ឬក៏សួរនាំអ្នកណាឡើយ សូម្បីតែទូរស័ព្ទក៏មិនឲ្យជនរងគ្រោះទាក់ទងបានដែរ តែបើអត់លុយទិញទេ គឺក្រុមហ៊ុននឹងមានលុយឲ្យខ្ចីបន្ថែមទៀត។ ដោយឡែក ឆ្នោតក្រោយពីចាប់បាន គឺឲ្យជនរងគ្រោះចុះហត្ថលេខា រីឯរង្វាន់ដែលត្រូវបានហ្នឹង មិនបានឲ្យទេ គឺបង្ខំឲ្យទិញអីវ៉ាន់ផ្សេងៗស្មើនឹងតម្លៃទំនិញហ្នឹងដែរ។

បើតាមជនរងគ្រោះ នេះជាល្បិចបោកថ្មី សន្លឹកឆ្នោត គឺត្រូវទាំងអស់ គ្មានសន្លឹកណាមិនត្រូវនោះទេ។ បន្ទាប់ពីត្រូវហើយបង្ខំឲ្យទិញអីវ៉ានមានតម្លៃស្មើនឹងរង្វាន់។ យ៉ាងណាក៏ដោយ សម្រាប់បុគ្គលិកក្រុមហ៊ុនទាំងនេះ ​ស្ថិតក្រោមការសួរនាំ ដើម្បីចាត់ការតាមច្បាប់៕