(ភ្នំពេញ)៖ សម្រាប់ជោគវាសនារបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានគេមើលឃើញថា ហាក់បានធូរស្រាលច្រើនទៅហើយ បន្ទាប់ពីផ្លាស់ពីការដាក់ឃុំក្នុងពន្ធនាគារ មកឲ្យស្នាក់នៅក្នុងផ្ទះក្រោមការត្រួតពិនិត្យពីតុលាការ។ ការស្នាក់នៅក្នុងផ្ទះនេះ លោកបានជួបជុំក្រុមគ្រួសារ និងមានសិទ្ធិសេរីភាពបញ្ចេញទស្សនៈ និងជួបអ្នកគាំទ្ររបស់លោកនៅតាមបណ្តាញសង្គម Facebook ផងដែរ បើទោះបីមិនទាន់អាចបានជួបដោយផ្ទាល់ក៏ដោយនោះ។

តាមរយៈស្ថានការណ៍នយោបាយនៅកម្ពុជា ដែលកំពុងតែមានភាពកាន់តែល្អប្រសើរនេះ មើលមិនឃើញលោក កឹម សុខា អាចនឹងទទួលបានការសម្បទានផ្នែកនយោបាយណាមួយនៅពេលខាងមុខ។ តែជាអកុសលជោគវាសនារបស់លោក កឹម សុខា តែងតែត្រូវបានរាំងខ្ទប់ទៅវិញ ដោយដៃគូសម្ព័ន្ធមេត្រីភាពនយោបាយក្លែងក្លាយរបស់លោកគឺទណ្ឌិត សម រង្ស៉ី។

ទណ្ឌិត សម រង្ស៉ី មួយដងជាពីរដង តែងតែយកករណីលោក កឹម សុខា ទៅបង្កើតជាបញ្ហាញុះឲ្យសម្តេចតេជោ ហ៊ុន សែន មានការខឹងសម្បាជានិច្ច។ នៅមុននេះទណ្ឌិតរូបនេះ បានលើកឡើងថា លោក កឹម សុខា នឹងត្រូវដោះលែងនៅចុងខែធ្នូ ជាហេតុធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន ចេញមកបញ្ជាក់ពីភាពគ្មានលទ្ធភាពក្នុងការដោះលែងលោក កឹម សុខា រួចម្តងទៅហើយ។

ដោយមិនអស់ចិត្តទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ បានចេញមកដាក់ទម្ងន់លើជោគវាសនារបស់លោក កឹម សុខា ជាថ្មីម្តងទៀត ដោយយកករណីរបស់លោក កឹម សុខា ទៅធ្វើជាល្បែងភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន។ តាមរយៈការភ្នាល់នេះ បានធ្វើឲ្យការរំពឹងទទួលបានសេរីភាពឡើងវិញរបស់លោក កឹម សុខា កាន់តែឃ្លាតឆ្ងាយថែមទៀត។

មួយថ្ងៃបន្ទាប់ពីទណ្ឌិត សម រង្ស៉ី ប្រើល្បិចពិសពុលយកជោគវាសនាខ្លួនទៅធ្វើជាល្បែងភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះ, លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញមកបង្ហោះសារលើទំព័រ Facebook របស់លោកថា លោកបានដឹងច្បាស់ថា លោក សម រង្ស៉ី កំពុងធ្វើអ្វីលើរូបលោក និងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ពាក់ទ័ន្ធទៅនឹងល្បិចកិច្ចកលដ៏ឫស្យារបស់ទណ្ឌិត សម រង្ស៉ី នេះ បានធ្វើឲ្យកូនស្រី និងអ្នកគាំទ្រលោក កឹម សុខា បានប្រតិកម្ម និងថ្កោលទោសយ៉ាងខ្លាំងផងដែរ។ ពួកគេបានចាត់ទុកទង្វើរបស់ទណ្ឌិត សម រង្ស៉ី ជាទង្វើរបស់មនុស្សអគុណធម៌មួយ៕