(ភ្នំពេញ)​៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង ដេញបុកទៅលើយុវជនម្នាក់ កំពុងជិះម៉ូតូមួយគ្រឿង ស្របទិសដៅគ្នាពីក្រោយ បណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ ខណៈនោះក៏មានបុរសម្នាក់ផ្សេងទៀត ដែលឃើញហេតុការណ៍នេះ​ បានដកកាំភ្លើងខ្លីបាញ់ឡើងលើ៦គ្រាប់ ដើម្បីគំរាមទៅលើរថយន្តបង្ក។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២៖១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតចំណុចមុខផ្ទះលក់គ្រឿងបន្លាស់រថយន្ត យីហោ សាម ឃុន ​បណ្ដោយផ្លូវលេខ៩៣ ជិតផ្សារតូច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូ Dream C125 ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FH:2579 ជិះពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តទំនើបមួយគ្រឿង មិនចាំម៉ាកបើកដេញបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្ដាលដួលម៉ូតូបោកនឹងថ្នល់រងរបួសធ្ងន់ ភ្លាមៗរថយន្តបង្កបំរុងថយក្រោយមកកិនជនរងគ្រោះបន្តែមទៀត តែពេលនោះគេឃើញបុរសម្នាក់ ដែលនៅអង្គុយហូបអីនៅក្បែរកន្លែងកើតហេតុ បានដកកាំភ្លើងបាញ់គំរាមឡើងលើ៦គ្រាប់ ធ្វើឲ្យ​រថយន្តបង្កបើករត់គេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោល។

ចំណែកបុរសដែលបានបាញ់គំរាម ទៅរថយន្តបង្កក៏គេចខ្លួនចេញពីកន្លែងកើតបាត់ផងដែរ។

ជនរងគ្រោះត្រូវបានរថយន្តគ្លីនិចឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចបានរើសសំបកគ្រាប់ និងបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ស្រះចករង់ចាំ សាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ឲ្យទៅម្ចាស់វិញ៕