(បាងកក-ថៃ)៖ ​លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ​រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ​បានអញ្ជើញចូលរួមពិធីចុះហត្ថលេខា និងបិទកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៤ និងកិច្ចប្រជុំដៃគូពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ។​

ពិធីខាងលើត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក Arkhom Termpittayapaisith ​រដ្ឋមន្រ្តីដឹកជញ្ជូនថៃ និងចូលរួមដោយរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន និងដៃគូសន្ទនា។

​រដ្ឋ​មន្ដ្រី និងឧត្តមមន្រ្តីពាក់ព័ន្ធ បានចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន៖

ទី១៖ ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights) ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងពហុភាគីអាស៊ាន នៃសេវាកម្មដឹកជញ្ជូន អ្នកដំណើរតាមផ្លូវអាកាសដោយសេរីពេញលេញ រវាងអាកាសយានដ្ឋាន​នៅក្នុងដែនដី នៃប្រទេសសមាជិកអាស៊ាន។

និងទី២៖ អនុស្សរណៈនៃការយោគយល់រវាងរដ្ឋាភិបាល នៃ​រដ្ឋជាសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (ASEAN) ស្តីពីការកែលម្អ បទដ្ឋានសុវត្ថិភាព និងអធិការកិច្ចនាវាមិនមែនអនុសញ្ញាដែលស្ថិតក្នុងរដ្ឋជាសមាជិកអាស៊ាន៕