(ភ្នំពេញ)៖ រោងចក្រកែច្នៃដំឡូងមី ដែលចំណាយទុនវិនិយោគ២០លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះ ដោយក្រុមហ៊ុន Green Leader (Cambodia) Co., Ltd របស់ហុងកុង គ្រោងនឹងដាក់ឲ្យដំណើរការ នៅដើមឆ្នាំក្រោយ។

រោងចក្រកែច្នៃដំឡូងមីនេះ គឺជារោងចក្រធំជាងគេបង្អស់លើពិភពលោក នៅក្នុងប្រទេសកម្ពុជា ដែលមានសក្តានុពលប្រើប្រាស់វត្ថុធាតុដើមដំឡូងមី ដល់ទៅ៥០០ពាន់តោន ដើម្បីផលិតម្សៅឲ្យបាន១៣០ពាន់តោន ក្នុង១ឆ្នាំ និង២លានតោន ក្នុងរយៈពេល៥ឆ្នាំ។

ជាក់ស្ដែងនារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Tse Michael Nam នាយកក្រុមហ៊ុន ហ្គ្រីនលីឌើរ និងលោក Gao Hua ប្រធានប្រតិបត្តិក្រុមហ៊ុន ហ្គ្រីនលីឌើរ កម្ពុជា ដើម្បីរាយការណ៍ពីវឌ្ឍនភាព នៃការកសាងរោងចក្រកែច្នៃដំឡូងមីនេះ។

រោងចក្រកែច្នៃដំឡូងមី ដ៏ធំមិនធ្លាប់មាននេះ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ អមដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម នៅតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨កន្លងទៅ។

យោងតាមសេចក្តីរាយការណ៍របស់លោក Tse Michael Nam បានឲ្យដឹងថា ដំណើរការសាងសង់មកទល់ពេលនេះ សម្រេចបាន៧០%ហើយ ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ឆ្នាំនេះ និងដែលឈានទៅដល់ ការដាក់ឲ្យដំណើរ ធ្វើការកែឆ្នៃដំឡូងមីនៅដើមឆ្នាំក្រោយ។

យោងតាមគម្រោងផែនការដែលបានគ្រោងទុក ក្រុមហ៊ុននឹងបន្តសាងសង់រោងចក្របីកន្លែង (១កន្លែងនៅតាមខេត្តត្បូងឃ្មុំ, កំពង់ចាម និងខេត្តស្ទឹងត្រែង) បន្ថែមទៀត ក្នុងចំណោមដប់រោងចក្រ នៅទូទាំងប្រទេស (រួមទាំងនៅខេត្តពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ និងឧត្តរមានជ័យ)។

ទន្ទឹមនឹងការបោះទុនវិនិយោគ លើការសង់រោងចក្រកែឆ្នៃដំឡូងមី ក្រុមហ៊ុនបានមើលឃើញតម្រូវការដណ្ណាប់ស្វាយ នៅប្រទេសចិនមានទំហំធំធេង ក្រុមហ៊ុនបានបោះទុនចំនួន២លានដុល្លារអាមេរិកបន្ថែម ក្នុងការ សាងសង់រោងចក្រខ្ចប់វិច និងកែឆ្នៃដណ្ណាប់ស្វាយនៅខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្ននេះ អាចផលិតបាន២០០តោនក្នុងមួយខែ នាំទៅកាន់ប្រទេសចិន ។

លោកប្រធានប្រតិបត្តិក្រុមហ៊ុន ហ្គ្រីនលីឌើរ កម្ពុជា បានបញ្ជាក់បន្ថែមថា ដោយមើលឃើញសេចក្តីត្រូវការទីផ្សារ មានការកើនឡើងខ្ពស់ ក្រុមហ៊ុននឹងពង្រីករោងចក្រនៅតាមបណ្តខេត្តដ៏ទៃទៀតនាពេលខាងមុខ៕