(ភ្នំពេញ​)៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើង ដោយរថយន្តដឹកទំនិញធុនធំ​​មួយគ្រឿង បានបើកបុករះរថយន្តចំនួន​៥គ្រឿង​ ហើយបន្តទៅបុក​ម៉ូតូ​២គ្រឿង​ ​រួចបន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋចំនួន​៣ល្វែង​ និងបណ្តាលឲ្យមនុស្សចំនួន​​៥នាក់រងរបួសធ្ងន់ស្រាល​​។

ហេតុការណ៍នេះបានកតើឡើងនៅព្រឹក​ថ្ងៃទី០៩​ ខែវិចិ្ឆកា​ ឆ្នាំ​២០១៨នេះ​ ​ស្ថិតនៅតាមផ្លូវវេងស្រេង​ ភូមិដំណាក់ធំ៥​ សង្កាត់ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ដំបូងឡើងគេឃើញរថយន្តទឹកទំនិញមួយគ្រឿង បានធ្វើដំណើរតាមបណ្តោយផ្លូវវែងស្រេង​ ដោយបើកបរក្នុងទិសដៅពីលិចទៅកើត​ ខណៈពេលដែលធ្វើដំណើរមកដល់ចំណុចស្តុបលូ៥​ ស្រាប់តែរថយន្ត​ខាងលើ​ បានជ្រុលចង្កូតបុករះជាបន្ត​បន្ទាប់​ ហើយ​បានបន្ដបុក​ម៉ូតូកង់បីឥណ្ឌា​ និងជ្រុលចូលផ្ទះប្រជាពលរដ្ឋអស់​​៣ល្វែងថែមទៀត​ ទើបធ្វើឲ្យរថយន្តបង្កខាងលើបើកទៅមុខលែងរួច។​​

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ​ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ដើម្បីធ្វើការវាស់វែង​ និងស្ទូចយករថយន្តបង្ក ​ព្រមទាំងរថយន្តរងគ្រោះ​ ​និងម៉ូតូ​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕​