(ភ្នំពេញ)៖ ស្រោមអនាម័យចំនួន៣ម៉ឺនស្រោម ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រៀមទុកសម្រាប់​ចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះ ខែនិងអកអំបុកនាពេលខាងមុខនេះ។ នេះតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ដែលដកស្រង់សំដីរបស់លោក តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ។

លោក តែង គន្ធី បញ្ជាក់ថា ក្នុងពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ក្រុមការងារបានត្រៀមរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ នឹងរៀបចំក្រុមឡានចល័ត ដើម្បីចុះផ្សព្វផ្សាយអប់រំ និងត្រៀមចែកស្រោមអនាម័យ៣ម៉ឺនស្រោម ដោយឥតគិតថ្លៃ នៅតាមទីប្រជុំជន សួនច្បារ តំបន់កោះពេជ្រ កន្លែងក្រុមកីឡាករអុំទូកស្នាក់នៅ និងតំបន់មាត់ទន្លេត្រើយខាងលិច ដែលមានមនុស្សច្រើនកុះករមកលេងកម្សាន្ដ ដើម្បីផ្ដល់សារអប់រំខ្លីៗ អំពីមេរោគអេដស៍ និងជំងឺអេដស៍។

លោកអគ្គលេខាធិការបញ្ជាក់បន្ថែមទៀតថា ក្នុងឱកាសនោះដែរ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងមានការរៀបចំកន្លែងធ្វើតេស្តឈាម សម្រាប់ធ្វើតេស្តឈាមស្វែងរកមេរោគអេដស៍ដោយឥតគិតថ្លៃ នឹងណែនាំដើម្បីទទួលបានថ្នាំពីក្រសួងសុខាភិបាល នៅភ្នំពេញឬនៅតាមភូមិឃុំដែលរស់នៅ។ ជាមួយគ្នានោះដែរ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានសហការជាមួយតារាចម្រៀង តារាសម្តែង និងតារាកំប្លែង ដែលនឹងត្រូវសម្តែងសិល្បៈកម្សាន្តសប្បាយ ហើយ​ផ្តល់ជាសារ​អប់រំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនាផងដែរ ធ្វើយ៉ាងណាឲ្យពួកគាត់ចេះការពារខ្លួន​ពីជំងឺអេដស៍៕