(ចិន)៖ មន្ទីរពេទ្យអ៊ីនធើណេតជាច្រើន បានផ្តល់សេវាសុខាភិបាលកាន់តែល្អ ជូនដល់អ្នកជំងឺមកពីទីជនបទ តាមរយៈការព្យាបាលពីចម្ងាយ។ មន្ទីរពេទ្យប្រភេទនេះ ស្ថិតក្នុងគម្រោងសាកល្បង ដែលបានធ្វើឡើងនៅឯទីក្រុង វូចិន ភាគខាងកើតប្រទេសចិន តាំងពីឆ្នាំ២០១៥មកម្ល៉េះ។

កាលពីឆ្នាំ២០១៥ រដ្ឋាភិបាលចិន បានសម្ពោធគម្រោងសាកល្បងអ៊ីនធើណេតមួយចំនួន ក្នុងគោលបំណងចង់ធ្វើឲ្យប្រសើរឡើង នូវស្ថានភាពរស់នៅរបស់ប្រជាជន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាអនឡាញ។ មន្ទីរពេទ្យអ៊ីនធើណេត នៅក្រុងវូចិន ត្រូវបានគេចាត់ទុកថា ជាភាពជោគជ័យមួយនៃគម្រោងទាំងនេះ។ បច្ចុប្បន្ន វាបានក្លាយជាប្រព័ន្ធដ៏សំខាន់មួយ ដែលផ្តល់សេវាព្យាបាលជំងឺពីចម្ងាយ។

ក្នុងវ័យ៣៣ឆ្នាំ អ្នកជំងឺ លី រ៉ុង បានទទួលការព្យាបាលជំងឺដុះសាច់ ក្នុងខួរក្បាលអស់រយៈពេល១៥ឆ្នាំមកហើយ។ ក្រោយមក គាត់ក៏មានបញ្ហាគ្រលៀន និងស្ទះសរសៃឈាមក្នុងខួរក្បាល។ លី រស់នៅក្នុងតំបន់ក្រីក្រមួយ នៅខេត្ត សាអានស៊ី ភាគពាយ័ព្យប្រទេសចិន។ គ្រួសាររបស់គាត់ មិនមានលទ្ធភាពបង់ថ្លៃព្យាបាលដែលល្អជាងនេះនោះទេ។

ម្តាយ លីរ៉ុង បាននិយាយថា «យើងគ្មានលទ្ធភាពទៅរកគ្រូពេទ្យជំនាញទេ។ ឲ្យយើងទៅរកយ៉ាងម៉េចបាន បើត្រឹមតែលុយបង់ថ្លៃព្យាបាល ក៏យើងមិនមានផងនោះ។ បើទោះជាយើងមានលុយ ក៏នៅតែមិនអាចចុះឈ្មោះ ដើម្បីជួបជាមួយគ្រូពេទ្យដដែលទេ។ យើងត្រូវតម្រង់ជួរជាច្រើនថ្ងៃឯណោះ ទើបបាន»។

ពីដំបូង លី បានទទួលការព្យាបាលនៅឯមន្ទីរពេទ្យមួយ នៅឯស្រុករបស់គាត់។ ហើយដោយហេតុថា ស្ថានភាពជំងឺរបស់គាត់ មានលក្ខណៈស្មុគស្មាញ មន្ទីរពេទ្យនោះ ក៏បានស្នើសុំជំនួយពីមន្ទីរពេទ្យអ៊ីនធើណេត វូចិន។ មិនយូរប៉ុន្មានមន្ទីរពេទ្យ វូចិន ក៏បានទាក់ទងទៅអ្នកជំនាញ មកពីស្ថាប័នសុខាភិបាលជាន់ខ្ពស់ នៅតាមខេត្តផ្សេងៗទៀត។ ក្រោយមក ពួកគេក៏បានរៀបចំផែនការព្យាបាលអ្នកជំងឺ ដោយប្រើវិធីព្យាបាលពីចម្ងាយ។

ដោយឡែក លោក ចាង ឈុនហួរ ប្រធានមន្ទីរពេទ្យអ៊ីនធើណេត វូចិន បានឲ្យដឹងថា «សេវាព្យាបាលពីចម្ងាយ ជួយកាត់បន្ថយបានយ៉ាងច្រើន នូវការចំណាយរបស់អ្នកជំងឺ ទៅលើការធ្វើដំណើរ។ វាក៏ជួយដល់គ្រូពេទ្យ នៅតាមមូលដ្ឋាន តាមរយៈការអភិវឌ្ឍជំនាញរបស់ពួកគេ លើវិធីព្យាបាលជំងឺផងដែរ»។

មន្ទីរពេទ្យអ៊ីនធើណេត វូចិន បានភ្ជាប់ទំនាក់ទំនងជាមួយមន្ទីរពេទ្យជាង២,៧០០កន្លែង និងគ្រូពេទ្យជាង២សែន៦ម៉ឺននាក់ ទូទាំងប្រទេសចិន ព្រមទាំងបានបង្កើតមជ្ឈមណ្ឌលព្យាបាលពីចម្ងាយចំនួន១២មណ្ឌល សម្រាប់ជំងឺជាក់លាក់មួយចំនួន ដើម្បីជួយឲ្យអ្នកជំងឺនៅទូទាំងប្រទេស ជាពិសេសគឺអ្នកជំងឺដែលរស់នៅតាមតំបន់ដាច់ស្រយាល អាចទទួលបានសេវាព្យាបាលជំងឺ ប្រកបដោយគុណភាព។

លោក លាវ ចៀរយ័ន ស្ថាបនិក មន្ទីរពេទ្យអ៊ីនធើណេត វូចិន បានបន្ដថា «គោលបំណងស្នូលដែលបង្កើតគម្រោងព្យាបាលតាមអ៊ីនធើណេតនេះ គឺដើម្បីបំបែកឧបសគ្គដែលមាននៅក្នុងមន្ទីរពេទ្យ ដើម្បីជួយឲ្យអ្នកជំងឺ នៅតាមទីជនបទនិងតំបន់ដាច់ស្រយាល អាចទទួលបានសេវាព្យាបាលដែលមានគុណភាព។ មន្ទីរពេទ្យអ៊ីនធើណេត ក៏អាចដើរតួនាទីដ៏ធំមួយដែរ លើការរក្សាតុល្យភាពនៃធនធានសុខាភិបាល ព្រមទាំងជួយដល់ស្ថាប័នសុខាភិបាលនៅមូលដ្ឋាន ដើម្បីជួយបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេ»៕ (សារព័ត៌មាន CCTV របស់ចិន)