(ភ្នំពេញ)៖ ដោយមានការឯកភាព​ជាគោលការណ៍ ពីសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា, លោក អូស្មាន ​ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ បានចេញដំណើរទៅចូលរួម​វេទិកា​សេដ្ឋ​កិច្ច​​​ពិភពចិន (World Chinese Economic Forum) ហៅកាត់ថា WCEF ជាវេទិកាលើកទី​១០។

វេទិកានេះ ​ប្រារព្ធធ្វើនៅទីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព​ TUN Dr. Mahathir Mohamad នាយក​រដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ពីថ្ងៃទី០៨-១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

តាមការបញ្ជាក់ពីលោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ​វេទិកានេះ​នឹងមានវាគ្មិន​សំខាន់ៗ ជា​សមាជិក​អញ្ជើញ​​​ចូលរួម​៦០០​នាក់ មកពី​១៦​ប្រទេស និងមានការ​អញ្ជើញ​​ចូលរួមពី លោក H.E Shaukat Aziz អតីតនាយក​រដ្ឋ​មន្ត្រីប៉ាគីស្ថាន និងបណ្តាថ្នាក់ដឹកនាំ​ ក្រសួង ស្ថាប័ន ប្រធានក្រុមហ៊ុន​ធំៗ​ ធុរជន សភាពាណិជ្ជកម្ម មកពី អូស្រ្តាលី ចិន កាតា​ ​រុស្សី​ សហរដ្ឋអាមេរិក អង់គ្លេស កម្ពុជា កូរ៉េ រ៉ូម៉ានី ប៉ាគីស្ថាន តួកគី អីតាលី អាហ្វកានីស្ថាន កាសាក់ស្ថាន ម៉ាឡេស៊ី សឹង្ហបុរី ថៃ។

លោកទេសរដ្ឋមន្ដ្រី បានបន្តថា WCEF រយៈ​ពេ​ល​២​ថ្ងៃ ផ្តោត​​សំខាន់​​​​នូវស្ថាន​ភាព​ទូទៅ​លើ​ការ​​អភិវឌ្ឍ វិស័យ​ហិរញ្ញវត្ថុ ធនាគារ សិក្សាធិការ បច្ចេកវិទ្យា ទេសចរណ៍​ការវិនិ​យោគ​សេដ្ឋ​​កិ​ច្ច​បែប​ទំនើប សុខាភិបាល និង​វិស័យ​ពាណិជ្ជ​កម្ម​ពណ៌បៃតង​ជា​ដើម។

ក្រោយបញ្ចប់បេសកកម្មខាងលើ បន្តរហូតដល់ចុងឆ្នាំ២០១៨ លោកនឹងបន្តដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងវេទិកាសំខាន់ៗ តាមបណ្តាប្រទេសផ្សេងទៀត ដូចជា ពីថ្ងៃទី១៦-១៨ ខែវិច្ឆិកា នៅសិង្ហបុរី, ពីថ្ងៃទី០៧-០៩ ខែធ្នូ នៅឥណ្ឌូណេស៊ី​, ពីថ្ងៃទី​១២-១៤ ខែធ្នូ នៅអារ៉ាប៊ីសាអូឌីត, ពីថ្ងៃទី​១៤-១៦ ខែធ្នូ នៅប្រុយណេ​ដារ៉ូសាឡឹម៕