(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្ដ្រាលី តាមរយៈសហគមន៍ Energy Lab Asia ដែលសិក្សាទៅលើថាមពលកកើតឡើងវិញ ដែលជាថាមពលស្អាត ដើម្បីជួយដល់ភពផែនដី បានមើលឃើញ និងវាយតម្លៃថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ ចំពោះការកែច្នៃថាមពលកកើតឡើងវិញ ដើម្បីយកមកប្រើប្រាស់រក្សានូវបរិស្ថានស្អាត។

លោកស្រី Bridget Mcintosh នាយកប្រចាំប្រទេស​ និងតំបន់អាស៊ី ​បានបញ្ជាក់តាមរយៈអ្នកបកប្រែថា ថាមពលដែលអាចកកើតឡើងវិញ ដែលជាថាមពលស្អាត ហើយអាចប្រើប្រាស់បាននោះ រួមមាន ពន្លឺព្រះអាទិត្យ ដែលប្រើសម្រាប់សូឡា ដោយបំលែងទៅជាអគ្គិសនី, ខ្យល់ ដោយយកខ្យល់បោកបង្វិលតួប៊ីន ដើម្បីផលិតចរន្ដអគ្គិសនី, កាកសំណល់ ដែលចេញពីកាកសំណល់កសិកម្ម យកមកដុតបង្កើតជាថាមពល និងរលក ចលនាទំនាញរបស់ទឹកសមុទ្រ។

ក្នុងកម្មវិធីធ្វើបទបង្ហាញអំពីផលិតផលកកើតឡើងវិញ​​ នៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកស្រី Bridget Mcintosh បានឲ្យដឹងថា សិស្ស និស្សិត ពិតជាមានការចាប់អារម្ម​ណ៍ទៅលើបញ្ហានេះ និងមានអ្នកចូលរួមចាប់តាំងពីដំណើរការ មានចំនួនប្រមាណ១,០០០នាក់ ដែលពួកគាត់សុទ្ធតែបានចោទ​ថា​ តើអ្វីទៅជាថាមពលកកើតឡើងវិញ? ក្រៅពីសំណួរនេះ ពួកគាត់ចង់បានឃើញនូវ អ្វីដែលជាការអនុវត្តជាក់ស្ដែងផងដែរ។

លោកស្រី Bridget Mcintosh មានជំនឿជឿជាក់ថា តាមរយៈកម្មវិធីធ្វើបទបង្ហាញអំពីផលិតផលកកើតឡើងវិញ នឹងជំរុញឲ្យកម្ពុជាអាចបោះជំហានទៅមុខ លើការងារនេះ ដោយសារតែ Energy Lab Asia បាននាំនូវអ្នកជំនាញ និងក្រុមហ៊ុនបរទេសជាច្រើន ដើម្បីប្រជុំពិភាក្សាគ្នាលើគម្រោងស្រាវជ្រាវ និងកែច្នៃថាមពលកកើតឡើងវិញនេះ។

បន្ថែមពីនេះ លោកស្រីនាយកប្រចាំប្រទេសកម្ពុជា និងតំបន់អាស៊ី ក៏បានអំពាវនាវឲ្យមានការប្រើប្រាស់បច្ចេកទេសថ្មីៗ និងការប្រើប្រាស់នូវសម្ភារដែល កែច្នៃថាមពលកកើតឡើងវិញ ដើម្បីសន្សំសំចៃ និងកាត់បន្ថយការចំណាយចំពោះការប្រើប្រាស់ថាមពលដែលមិនកកើតឡើងវិញផងដែរ ខណៈដែលបច្ចុប្បន្ន Energy Lab Asia កំពុងតែចុះសិក្សានៅខេត្តចំនួន៥ គឺខេត្តកំពត, ​ស្វាយរៀង, កណ្ដាល, ព្រៃវែង និងតាកែវ។

សូមជម្រាបថា Energy Lab Asia បានចុះទៅសិក្សា និងផ្គត់ផ្គង់ដល់កសិករឲ្យប្រើប្រាស់អគ្គិសនីដែលច្នៃចេញពីថាមពលកកើតឡើងវិញ នៅខេត្តទាំង៥ខាងលើនេះ តាំងពីឆ្នាំ២០១៧ ខណៈដែលឆ្នាំ២០២០ សហគមន៍នេះនឹងបន្ដរីកការងារនៅទូទាំងប្រទេសតែម្ដង ដើម្បីឲ្យពលរដ្ឋកម្ពុជា បានយល់ និងដឹងកាន់ច្បាស់៕