(បាងកក, ថៃ)៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៤ នៅទីក្រុងបាងកក ប្រទេសថៃ។

កិច្ចប្រជុំនេះដឹកនាំដោយលោក Arkhom Termpittayapaisith រដ្ឋមន្រ្តីដឹកជញ្ជូនថៃ ជាប្រធានកិច្ចប្រជុំ និង លោក Nguyen Van The រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម ជាអនុប្រធាន និងមានការចូលរួមពីរដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសសមាជិកអាស៊ាន។

កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់លើ៖ ក. ការពង្រឹងទីផ្សារអាកាសចរណ៍អាស៊ានតែមួយ, ខ. ការជំរុញការដឹកជញ្ចូនអ្នកដំណើរ និងទំនិញឆ្លងកាត់ព្រំដែនដោយរលូន, គ. ការពង្រឹងកិច្ចខិតខំប្រឹងប្រែងសំដៅសម្រេចឱ្យបាននូវទីផ្សារដឹកជញ្ចូនតាមផ្លូវសមុទ្រអាស៊ានតែមួយ, ឃ. ការដឹកជញ្ចូនប្រកបដោយចីរភាព, ង. ភាពជាដៃគូដឹកជញ្ជូនជាមួយដៃគូសន្ទនា, និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។

រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន ក៏បានពិភាក្សា អនុម័តលើឯកសារសំខាន់ៗដូចខាងក្រោម៖
១. គម្រោងអាទិភាពសម្រាប់ឆ្នាំ២០១៩
២. ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights) ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងពហុភាគីអាស៊ាន នៃសេវាកម្មដឹកជញ្ជូន អ្នកដំណើរតាមផ្លូវអាកាសដោយសេរីពេញលេញ រវាងអាកាសយានដ្ឋាន នៅក្នុងដែនដីនៃប្រទេសសមាជិកអាស៊ាន (នឹងត្រូវចុះហត្ថេលខាដោយរដ្ឋជាសមាជិកអាស៊ាន)

៣. ផែនទីបង្ហាញផ្លូវសេដ្ឋកិច្ចប្រេងឥន្ធនៈអាស៊ានសម្រាប់វិស័យដឹកជញ្ជូន ឆ្នាំ២០១៨-២០១៥ ដោយផ្តោតលើយានយន្តធុនស្រាល, គោលការណ៍ណែនាំស្តីពីសូចនាករដឹកជញ្ជូនផ្លូវគោកប្រកបដោយចីរភាពលើប្រសិទ្ធភាពថាមពល និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងអាស៊ាន និង យុទ្ធសាស្រ្តតំបន់អាស៊ាន ស្តីពីការដឹកជញ្ជូនតាមផ្លូវគោកប្រកបដោយចីរភាព

៤. អនុស្សរណៈនៃការយោគយល់រវាងរដ្ឋាភិបាលនៃរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (ASEAN) ស្តីពីការកែលម្អបទដ្ឋានសុវត្ថិភាព និងអធិការកិច្ចនាវាមិនមែនអនុសញ្ញាដែលស្ថិតក្នុងរដ្ឋ ជាសមាជិកអាស៊ាន (នឹងត្រូវចុះហត្ថេលខាដោយរដ្ឋជាសមាជិកអាស៊ាន)
៥. នីតិវិធីប្រតិបត្តិការស្ដង់ដារ នៃការស្វែងរក និងសង្គ្រោះអាស៊ាន
៦. ផែនការនៃការទប់ស្កាត់បន្ទាន់ការកំពប់ប្រេងតំបន់ ។

រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ក៏បានផ្លាស់ប្តូរទស្សនៈ និងយោបល់លើវិធីឆ្ពោះទៅមុខ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូន ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងជាមួយ ដៃគូសន្ទនា៕