(ភ្នំពេញ)៖ លោក ​George Edgar ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា បានថ្លែងថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច ចុះ​ពិនិត្យ​គម្រោង​នានា​នៅ​ខេត្តព្រៃវែង​ និង​ស្វាយរៀង រួចមកឃើញថា អ្វីដែលសហភាពអឺរ៉ុបបានជួយនេះ ពិតជានាំឱ្យមានការផ្លាស់ប្តូរល្អប្រសើរជាងមុនពិតប្រាកដមែន ហើយជាពិសេសបានធ្វើឱ្យជីវិតពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះនោះ មានជីវភាពល្អប្រសើរជាងមុនពិតប្រាកដមែន។ 

​លោក​ឯកអគ្គរដ្ឋទូត​បានថ្លែងយ៉ាងដូចនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមអ្នកសារព័ត៌មាន ​ចុះ​ពិនិត្យ​គម្រោង​នានា​នៅ​ខេត្តព្រៃវែង​ និង​ស្វាយរៀង​ នា​ថ្ងៃទី​០៦​ដល់០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨។

លោកឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​បានថ្លែងថា​ បន្ទាប់ពីចុះមកទស្សនកិច្ចផ្ទាល់ នូវគម្រោងជំនួយ​អភិវឌ្ឍន៍ ដែល​សហភាព​អឺរ៉ុប​ផ្តល់​ដល់​ប្រទេស​កម្ពុជានេះ​ លោកពិតជាចាប់អារម្មណ៍ខ្លាំងណាស់ នូវដំណើរទស្សនកិច្ចនេះ ហើយអ្វីដែលមើលឃើញនេះ គ្រាន់តែជាផ្នែកតូចមួយ នៃសកម្មភាពសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប​ ជាមួយប្រទេសកម្ពុជា ហើយអ្វីដែលសំខាន់សម្រាប់រូបលោក នៅក្នុងដំណើរទស្សនកិច្ចនេះ គឺបានមើលឃើញ និងបានយល់ថា ​អ្វីដែលសហភាពអឺរ៉ុបបានធ្វើនេះ​ ពិតជានាំឱ្យមានការផ្លាស់ប្តូរល្អប្រសើរជាងមុនពិតប្រាកដមែន ជាពិសេសនោះ គឺថាវាបានធ្វើឱ្យជីវិតពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះនោះ គឺមានជីវភាពល្អប្រសើរជាងមុនពិតប្រាកដមែន។

លោកបានបញ្ជាក់ទៀតថា លោកពិតជារីករាយណាស់ ​ដោយសារតែ​នៅក្នុងកិច្ចប្រជុំ​ទាំងអស់ ដែលលោកបានចុះធ្វើទស្សនកិច្ចនេះ គឺអ្នកចូលរួមសប្បាយចិត្តជាមួយ និងសកម្មភាពរបស់សហភាពអឺរ៉ុប នៅក្នុងគម្រោងទាំងអស់នេះ ហើយអ្វីដែលពិសេសនោះ គឺបានឃើញកុមារ និង​យុវជន អាចចូលរួមក្នុងសេចក្តីសម្រេចចិត្តរបស់អាជ្ញាធរ​ឃុំ​ ដោយពួកគេមានចិត្តក្លាហាន មានសេចក្តីតាំងចិត្ត និងពូកែនិយាយចេះរៀបរាប់ពីបញ្ហារបស់ពួកគេផងដែរ។

សូមបញ្ជាក់ដែរថា សហភាពអឺរ៉ុបបានអនុវត្តន៍ ក្នុងវដ្តថវិការយៈពេល៧ឆ្នាំ ដោយគិតពី​ឆ្នាំ ២០១៤ ​ដល់ឆ្នាំ​ ២០២០ ដែលគម្រោងទាំងអស់នេះមានថវិកាសរុប៤១០លាន​អឺរ៉ូ​ ដែលស្មើនឹងប្រមាណ ​៤៥៧.៣​លាន​ដុល្លារ ដែលគម្រោងទាំងនេះផ្តោតទៅលើវិស័យចំនួន ៣​គឺ ទី១៖ កាគាំទ្រដល់កំណែទម្រង់ការអប់រំ នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ទី២៖ វិស័យកសិកម្ម និង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ វិស័យជលផល និងវារីវប្បកម្ម ទី៣៖ វិស័យអភិបាលកិច្ច ដែលផ្តោតសំខាន់ទៅលើ កំណែទម្រង់គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ និងដំណើរការវិមជ្ឈការ សម្រាប់ជួយដល់ប្រទេស​កម្ពុជាផងដែរ៕