(ភ្នំពេញ)៖ ថ្លែងនៅមុខសិស្សជ័យលាភីនិទ្ទេស A ចំនួន៤០៨នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ លើកឡើងថា ប្រទេសកម្ពុជា នៅមានការងារជាច្រើនដែលត្រូវដោះស្រាយបន្ថែមទៀត ជាពិសេសលើវិស័យអប់រំ ដូចជាការបង្កើតសាលារៀន ដើម្បីឆ្លើយតបទៅនឹងកំណើនរបស់ប្រជាពលរដ្ឋ ជាពិសេសកន្លែងទើបបង្កើតទីតាំងរស់នៅរបស់ប្រជាពលរដ្ឋ។

ការលើកឡើងរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន ៤០៨នាក់ នៅវិមានសន្តិភាព។

នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាមគ្គទេសក៍កែទម្រង់វិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាពរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ៖ «តែយើងនៅមានបញ្ហាប្រឈមត្រូវដោះស្រាយតទៀត សាលារៀនខ្លះមិនទាន់គ្រប់គ្រាន់ទេ ដល់កំណើនសិស្សកើនឡើងត្រូវបន្តការវិនិយោគ​កសាងសាលារៀនថ្មី អគារថ្មី តំបន់ដែលប្រជាជនទៅតាំងទីលំនៅថ្មីៗ ត្រូវរុញសាលាទៅទៀត»

សម្តេតេជោនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា នៅឆ្នាំ២០១២ រដ្ឋាភិបាលបានវាស់ដីជូនប្រជាពលរដ្ឋជិត២លានហិកតា ឯណោះ ហើយសម្តេចបានចុះទៅពិនិត្យិតម្រូវការនៅទីនោះរួមទាំងផ្លូវថ្នល់ ការដោះស្រាយទាក់ទងការដឹកជញ្ជូនផ្លូវថ្នល់ ទៅតំបន់នោះ ការកសាងសាលារៀន​និងការកសាងមន្ទីរពេទ្យ នៅតាមតំបន់ទាំងនោះ។ ជាមួយគ្នានេះដែរសាលារៀនខ្លះក៏ចាស់ទ្រុឌទ្រោម ហើយកន្លែងមួយចំនួនក៏ត្រូវបានជួសជុល និងកន្លែងខ្លះក៏ជួសជុលលែងបាន ដែលតម្រូវឱ្យរាជរដ្ឋាភិបាលកសាងថ្មីផងដែរ។

សម្តេចជោ ហ៊ុន សែន បានបន្តថា រដ្ឋាភិបាលបានបញ្ជូនគ្រូបង្រៀន និងពង្រាយគ្រូបង្រៀនបន្តទៅទៀត ដើម្បីឱ្យគ្រូបង្រៀនរបស់យើងគ្របដណ្តប់ទៅគ្រប់ទីកន្លែងដូចៗគ្នា ហើយកាលពីមុនយើងប្រើប្រាស់វិធីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេតិចបង្រៀនអ្នកមិនចេះ។ ប៉ុន្តែបច្ចុប្បន្ននេះ បញ្ញាបូក១ ត្រូវបម្រើការងារនៅទៅក្រុងភ្នំពេញ និងកម្រិត១២ បូក២ ត្រូវធ្វើនៅតាមបណ្តាខេត្ត និងតាមភូមិភាគ ហើយនៅពេលខាងមុខគម្រោងរបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងត្រូវបណ្តុះបណ្តាលនៅតាមភូមិភាគ១២ បូក៤ តែម្តង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦មក មកត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានសាងសង់អគារសិក្សា ទិចាត់ការកន្លែងស្នាក់នៅរបស់សិស្ស និងផ្ទះរបស់គ្រូសរុប ៦២៣ខ្នង ស្មើនឹងជិត៨ពាន់បន្ទប់។ សម្តេចកំពុងបន្តយកចិត្តទុកដាក់បន្ថែម លើការសាងសង់អគារសិក្សា ក៏ដូចជាកន្លែងស្នាក់នៅរបស់សិស្ស និងលោកគ្រូ-អ្នគ្រូ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា បើសម្តេចមិនប្រឹងប្រែងដឹកនាំបញ្ចប់សង្គ្រាម ធ្វើប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ទេ ដីធ្លីនៅតាមតំបន់អតីតសមរភូមិសង្គ្រាមមិនអាចឡើងថ្លៃនោះឡើយ។ រីឯក្រុមអតីតបក្សប្រឆាំង សូម្បីតែសម្តេចខិតខំប្រឹងលើកកម្ពស់ការអប់រំ រហូតឱ្យកូនគេទទួលបាននិទ្ទេស A , កីឡាករឈ្នះមេដាយ, ប្រាសាទខ្មែរ ចូលជាសម្បត្តិបេតិកភណ្ឌ គឺពួកគេមិនដែលអបអរសាទរនោះឡើយ៕