(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអះអាងថា សម្ដេចមិនមែនជានាយករដ្ឋមន្ដ្រី ដែលយកសុទ្ធតែបងប្អូន សាច់ញាតិមកធ្វើជាមន្ដ្រី ឬថ្នាក់ដឹកនាំនោះទេ ខណៈដែរ​បងប្រុសរបស់សម្តេចម្នាក់មិនមានតួនាទីអ្វីទាំងអស់ ហើយប្អូន​សម្តេចក៏មិនមានតំណែងធំនោះទេ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សនិទ្ទេស A នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា សព្វថ្ងៃនេះសម្ដេចមានប្អូនជីដូនមួយម្នាក់ ដែលកំពុងតែធ្វើកម្មកររោងចក្រ ហើយសម្ដេចថា សម្ដេចយកសាច់ញាតិមកធ្វើការ ចំពោះតែអ្នកមានសមត្ថភាពប៉ុណ្ណោះ។​

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «នាយករដ្ឋមន្ដ្រីមួយនេះ ក៏មិនមែនសុទ្ធតែយកបងប្អូនយកមកតែងតាំងឲ្យធ្វើការងារនោះដែរ [...] បងប្រុសរបស់ខ្ញុំម្នាក់អត់ដែលលឺឈ្មោះផង ដែលជាបងបង្កើតតែមិនមានសមត្ថភាព សូម្បីធ្វើប្រធាននាយកដ្ឋានក៏ធ្វើមិនបានផង អស់ខ្ពស់ហើយត្រឹមអនុប្រធាននាយកដ្ឋាន។ ដែលនោះវាស្ថិតនៅលើសមត្ថភាពរបស់គេ ហើយគ្រាន់តែប៉ុណ្ណឹងអាចយល់បាន អំពីចរិករបស់ ហ៊ុន សែន ហើយ»

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្អូនៗរបស់សម្ដេចគ្មានអ្នកណាធ្វើធំនោះទេ ខណៈដែលជីដូនមួយបង្កើតរបស់សម្ដេច កំពុងធ្វើកម្មកររោងចក្រនៅស្ទឹងមានជ័យ។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានក៏លើកឡើងនូវការចុះផ្សាយមួយថា សម្ដេចតែងតាំងកូនធ្វើជាមន្ដ្រី ឬថ្នាក់ដឹកនាំ​ ហើយសម្ដេចបានចោទសួរ ត្រឡប់ទៅវិញថា «កូនរបស់ខ្ញុំជាមនុស្សទេ? ជាពលរដ្ឋទេ?»។ សម្ដេចបន្ដថា កូនៗរបស់សម្តេចសុទ្ធតែជាមនុស្ស ជាពលរដ្ឋខ្មែរ ហើយសុទ្ធតែបញ្ចប់ការសិក្សា ថ្នាក់បណ្ឌិត អនុបណ្ឌិតមកពីបរទេស។

សម្ដេចបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «និយាយពីរឿងតែងតាំងកូនខ្ញុំ សុទ្ធតែថ្នាក់បណ្ឌិត អនុបណ្ឌិត តើយកវាមកបោះចោលឬស្អី? តើឲ្យការងារគេធ្វើបានទេ? កូនរបស់មន្ដ្រីរាជការនានា គេក៏បានទទួលការបណ្ដុះបណ្ដាលចឹងយកទៅណា»។​

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើយផងដែរថា ​សមាជិកបក្សប្រឆាំងខ្លះដែល​លួចមកចុះចូលជាមួយសម្ដេច តែងតែ​​កាន់ឯកសារសុំតំណែងនេះ តំណែងនោះ​ពីសម្ដេចមិនចេះចប់ មិនចេះហើយ ដែលសម្ដេចសុំមិនបញ្ចេញឈ្មោះសមាជិកបក្សប្រឆាំងនោះទេ៕