(ភ្នំពេញ)៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញលិខិតអបអរសាទរ ខួបលើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៨ ដែលនេះបានបង្ហាញឲ្យឃើញពីសិទ្ធិសេរីភាពនៃបញ្ចេញមតិរបស់លោក កឹម សុខា បើទោះបីលោកកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងបានកំពុងស្នាក់នៅក្នុងផ្ទះរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។​

នៅក្នុងលិខិតអបអរសាទរទិវាបុណ្យឯករាជ្យ ដែលលោក កឹម សុខា ផ្ទាល់ខ្លួនបានបង្ហោះនៅលើ Facebook ផ្លូវការរបស់លោក បានថ្លែងអំណរគុណប្រកបដោយ កតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបុព្វបុរសខ្មែរ ដែលបានធ្វើបានពលីកម្ម ការលះបង់ និងការតស៊ូ ដើម្បីទាមទារនូវឯករាជ្យជាតិ ជូនជាតិមាតុភូមិ។

លោក កឹម សុខា ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការបានយល់ឃើញថា ការទាមទារ និងថែរក្សាការពារឯករាជ្យជាតិពិតប្រាកដទៅបាន គឺអាស្រ័យលើការរួមរួបជាតិ និងមិនអាចមានឯករាជ្យជាតិពិតប្រាកដបានទេ បើយើងបែកបាក់គ្នា។ លោក កឹម សុខា បានថ្លែងថា «ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ខ្ញុំសូមបួងសួងឲ្យស្មារតីឯករាជ្យជាតិពិតប្រាកដ ស្ថិតនៅជាប់ជានិច្ច ក្នុងបេះដូងខ្មែរគ្រប់រូប»។

តាមរយៈលិខិតអបអរសាទររបស់មេដឹកនាំអតីតគណបក្សប្រឆាំងរូបនេះ បានបង្ហាញឲ្យឃើញពីសេរីភាព នៃការបញ្ចេញមតិ សេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួនរបស់ខ្លួន បើទោះបីលោកត្រូវបាន ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងបានកំពុងស្នាក់នៅក្នុងផ្ទះរបស់លោកក៏ដោយ ប៉ុន្ដែលោក កឹម សុខា តែងតែបញ្ចេញមតិ និងយោបល់ផ្សេងៗនៅលើ Facebook ផ្លូវការរបស់លោក ព្រមទាំងអាចនិយាយទូរស័ព្ទ ប្រើប្រាស់ Internet ដោយគ្មានការហាមឃាត់នោះឡើយ។

សូមជម្រាបថា លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស ត្រូវបានតុលាការសម្រេចដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ។

ការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ បានភ្ជាប់នូវលក្ខខណ្ឌចាំបាច់មួយចំនួន សម្រាប់អតីតមេបក្សប្រឆាំងនេះ ដែលរួមមានដូចជា មិនអនុញ្ញាតឲ្យចេញក្រៅពីព្រំប្រទល់នៃដែនដី ដែលខណ្ឌដោយ ផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គល ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងបុគ្គលឬជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង និងមិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយជាដើម៕