(ភ្នំពេញ)៖ ​ពិធីបំបែកកំណត់ត្រាទូក «ង» វែងជាងគេនៅលើពិភពលោក នឹងត្រូវរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលនឹងប្រារព្ធនៅតំបន់អ្នកលឿងត្រើយខាងកើត ខេត្តព្រៃវែង។

លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការកសាងទូក «ង» វែងជាងគេ នៅលើពិភពលោក បានឲ្យដឹងថា ទូក «ង» របស់កម្ពុជាដែលត្រៀម បំបែកឯកទគ្គកម្មនេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»

ទូកងនេះ ប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤​ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ដែលផ្ទុកបានចំណុះ រហូត​ដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក ហើយទូក​ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត។

លោក ស សុខា ក៏បានបញ្ជាក់ផងដែរថា គិតចាប់តាំងពីដំណើរការសាងសង់ រហូតមកដល់លេចចេញជារូបរាងទូកជាស្ថាពរនេះ គឺមានរយៈពេលជិត៧ខែ ពោលមានចំនួន១៩២ថ្ងៃ ដោយមានទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ ដែលរស់នៅជុំវិញខេត្តព្រៃវែង សមាជិក ស.ស.យ.ក សរុបចំនួន​១៤,០០០​នាក់ ​បានចូលរួមកសាង ខណៈខ្ទង់​ចំណាយអស់ថវិកាប្រមាណ៥-៦ម៉ឺនដុល្លារអាមេរិក ដោយមិនទាន់បូកបញ្ចូល លើការចំណាយផ្សេងៗ។

សូមទស្សនាវីដេអូ នៃការធ្វើសន្និសីទសារព័ត៌មាន ពិធីបំបែកកំណត់ត្រាទូកង វែងជាងគេលើពិភពលោក​ ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖