(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២១៖០០នាទីយប់ ខ្លួនបានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅ P1601 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរបង្គោលខ្សែបណ្ដាញតង់ស្យុងទាប (LV) ដោយសារមានរថយន្តសន្តោងបើកបុកបណ្ដាលឲ្យបាក់ចំនួន០១ដើម ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង០០៖៣០នាទីយប់រំលងអធ្រាត្រ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕