(ភ្នំពេញ)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងនាមតំណាងលោករដ្ឋមន្ត្រី ថោង ខុន បានជំរុញដល់គ្រប់មូលដ្ឋានអាជីវកម្ម-សេវាកម្មទេសចរណ៍ និងគ្រប់ផ្នែកពាក់ព័ន្ធនៅរាជធានីភ្នំពេញ ត្រូវត្រៀមលក្ខណៈឱ្យបានស្រេចបាច់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះប្រខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆាប់ៗខាងមុខ។

ការជំរុញលើកទឹកចិត្តនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកស្រី ហ៊ុន ដានី អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា អមជាមួយវគ្គបណ្ដុះបណ្ដាល ស្ដីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្ដីក្នុងវិស័ទេសចរណ៍ ដែលបានប្រារព្ធធ្វើនៅសណ្ឋាគារហាយស្កាយ រាជធានីភ្នំពេញ នាថ្ងៃទីទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកស្រី ហ៊ុន ដានី បានស្នើដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ពីបញ្ហាស្រ្ដី និងកុំមើលរំលងពីសារសំខាន់នៃការចូលរួមចំណែករបស់ស្រ្ដី ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយហេតុថាកម្លាំងពលកម្មស្រ្ដីមានរហូតដល់ទៅជាង ៦០% នៃកម្លាំងពលកម្មសរុបនៅក្នុងវិស័យនេះ។

លោកស្រីបន្ថែមថា ទោះយ៉ាងណាក៏ដោយ ស្ត្រីដែលបម្រើការនៅក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដូចជា ធ្វើការជំរុញដល់ប្រតិបត្តិករ-សេវាករ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ផលប៉ះពាល់ជាវិជ្ជមានមកលើទីក្រុងមួយនេះ ដើម្បីចៀសវាងបាននូវចោរកម្ម ការលួច ឆក់ ប្លន់ ការជួញដូរ-ចែកចាយគ្រឿងញៀន និងការធ្វើអាជីវកម្មផ្លូវភេទលើស្រ្ដី និងកុមារជាដើម។

ពាក់ព័ន្ធនឹងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ លោកស្រី ហ៊ុន ដានី ក៏បានជំរុញឱ្យគ្រប់មូលដ្ឋានអាជីវកម្ម-សេវាកម្មទេសចរណ៍ និងគ្រប់ផ្នែកពាក់ព័ន្ធនៅរាជធានីភ្នំពេញ សូមកុំដំឡើងតម្លៃទំនិញ មុខម្ហូប ឬតម្លៃសេវាស្នាក់នៅ ក៏ដូចជាតម្លៃសេវាកម្មផ្សេងៗទៀត កន្លែងអាជីវកម្មត្រូវមានអនាម័យ មានធុង ឬកន្រ្ដកសំរាមត្រឹមត្រូវ ចំណែកឯបុគ្គលិកការងារក៏ត្រូវមានស្នាមញញឹមរួសរាយរាក់ទាក់ ដើម្បីឱ្យទេសចរជាតិ-អន្ដរជាតិមកកម្សាន្ដ​បុណ្យអុំទូក មានភាពរីករាយ និងភាពកក់ក្តៅ ពិសេសត្រូវរួមគ្នាធ្វើឱ្យទីក្រុងស្អាត និងមានសោភ័ណភាព៕