(ចិន)៖ រដ្ឋាភិបាលចិន មានបំណងចង់ធ្វើឱ្យបរិយាកាសធ្វើជំនួញ កាន់តែមានភាពល្អប្រសើរ សម្រាប់ក្រុមហ៊ុនឯកជន។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន កាលពីថ្ងៃអាទិត្យកន្លងទៅ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មចិន លោក មាវ វ័យ បាននិយាយថា លោកប្រធានាធិបតីចិន បាននិយាយអំពីប្រធានបទនេះ កាលពីពេលថ្មីៗនេះ។ ប្រសាសន៍របស់លោក ស៊ី បានធ្វើឱ្យមនុស្សជាច្រើន កាន់តែមានទំនុកចិត្ត ចំពោះការអភិវឌ្ឍនៃវិស័យឯកជនដែលកំពុងតែរីកចម្រើន នៅក្នុងប្រទេសចិន។

លោក មាវ វ័យ បាននិយាយថា «ក្រុមហ៊ុនខ្លះ បានរាយការណ៍ថាពួកគាត់បានជួបការលំបាកខ្លះៗ ជាពិសេសគឺបញ្ហាដែលពាក់ព័ន្ធនឹងបរិយាកាសធ្វើជំនួញតែម្តង។ លោកប្រធានាធិបតី ស៊ី បានផ្តល់អនុសាសន៍ដ៏ច្បាស់លាស់ និង បានតម្រូវឱ្យអាជ្ញាធរនៅតាមមូលដ្ឋាន បង្កើនការស្រាវជ្រាវ និង បង្កើតដំណោះស្រាយចំពោះបញ្ហានេះ»។

លោក មាវ បាននិយាយថា អាទិភាពនាពេលបច្ចុប្បន្ន គឺត្រូវជំរុញដល់ការសម្របសម្រួលថ្នាក់ខេត្ត លើការងារកសាងក្រុមហ៊ុនខ្នាតតូចនិងមធ្យម។ ហើយថ្នាក់ដឹកនាំជាន់ខ្ពស់ ដូចជាប្រធានឬអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ នឹងចូលមកជំនួសអនុប្រធានទាំងឡាយ ក្នុងដំណែងជាអ្នកដឹកនាំការងារសម្របសម្រួលនេះ។

ស្របពេលនេះដែរ លោក មាវ និយាយថា រដ្ឋាភិបាលកណ្តាលរបស់ចិន នឹងបង្កើតព្រមទាំងដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយផ្សេងៗ ដើម្បីជួយគាំទ្រកាន់តែខ្លាំង លើការអភិវឌ្ឍរបស់ក្រុមហ៊ុនខ្នាតតូច និងមធ្យម។ ប្រទេសចិន នឹងកាត់បន្ថយពន្ធក៏ដូចជាថ្លៃសេវាផ្សេងៗ ដើម្បីជួយដោះស្រាយបន្ទុកផ្នែកហិរញ្ញវត្ថុ និងការចំណាយផ្សេងៗ ជួយបង្កើនសមត្ថភាពស្វ័យអភិវឌ្ឍ បង្កើតប្រព័ន្ធផ្តល់សេវាសាធារណៈឱ្យបានកាន់តែច្រើន និងជួយគាំទ្រក្រុមហ៊ុនទាំងនោះ ឱ្យឆ្លងផុតការលំបាកទាំងឡាយ ដែលពួកគេកំពុងជួបប្រទះសព្វថ្ងៃ។

លោក មាវ វ័យ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន ថ្លែងថា «ការកែសម្រួលលើយន្តការនៃការដឹកនាំ សម្រាប់បម្រើដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យម នៅតាមបណ្តាខេត្តនានា កំពុងដំណើរការទៅមុខហើយ។ គោលនយោបាយ និងវិធានការសម្រាប់ជួយគាំទ្រ ដល់ក្រុមហ៊ុនទាំងនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពាក់ព័ន្ធរួចអស់ហើយ កាលពីម្សិលមិញ»

លោក មាវ ក៏បាននិយាយដែរថា ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន ជាមួយនឹងក្រសួងហិរញ្ញវត្ថុចិន នឹងបន្តលើកស្ទួយដល់ដំណើរការនៃមូលនិធិថ្នាក់ជាតិសម្រាប់អភិវឌ្ឍក្រុមហ៊ុនខ្នាតតូចនិងមធ្យម។

ក្រុមហ៊ុនធំៗ នឹងត្រូវបានលើកទឹកចិត្ត ឱ្យជួយជំរុញដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុនខ្នាតតូច។ ហើយក្រុមហ៊ុនឯកជន ក៏នឹងមានលទ្ធភាពកាន់តែធំ ដើម្បីបោះទុនទៅក្នុងវិស័យទូរគមនាគមន៍ និង វិស័យការពារជាតិផងដែរ៕ (សារព័ត៌មាន CCTV របស់ចិន)