(ក្រចេះ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តក្រចេះ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ក្រោមការដឹកនាំរបស់លោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យម្ហូបអាហារប្រចាំថ្ងៃ នៅផ្សារសាមគ្គីក្រុងក្រចេះ ខេត្តក្រចេះ ក្រែងមានសារធាតុគីមី។

លោក យាង បាក់ អនុប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះត្រួតពិនិត្យដោយមន្រ្តីរបស់លោក គឺប្រមូលយកគំរូម្ហូបអាហារប្រចាំជាង៥០មុខ ដូចជា៖ ផ្អក ប្រហុក បន្លែ ផ្លែឈើ ត្រី សាច់ អំបិល ស្កសរ ទឹកខ្មេះ ទឹកម្ទេស ស្ពៃជ្រក់ និងអាហារផ្សេងៗទៀត ..។ល។

ក្រុមការងារបានធ្វើពិសោធន៍ដោយរថយន្ដមន្ទីរសោធន៍ចល័តរបស់អគ្គនាយដ្ឋានកាំកុងត្រូល ក្រែងមានសារធាតុគីមី ឬហួសសុពលភាព អាចបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

លោកអនុប្រធានរូបនោះ បានបន្ដទៀតថា ការធ្វើពិសោធន៍ដោយរថយន្ដមន្ទីរពិសោធន៍ចល័ត ជាលទ្ធផលរកឃើញមានសារធាតុ salicylic Acid នៅលើស្ពៃជ្រក់ និងសារធាតុ Sythihethic dye នៅក្នុងទឹកម្ទេស។ បន្ទាប់មក មន្រ្តីកាំកុងត្រូលបានរឹបអូសស្ពៃជ្រក់ចំនួន៥០គីឡូក្រាម យកទៅដុតបំផ្លាញចោល និងបានណែនាំម្ចាស់លក់ទឹកម្ទេស ឲ្យបញ្ឈប់ការប្រើប្រាស់ល័ក្ខគីមីបន្ដទៀត ព្រោះវាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕