(ក្រចេះ)៖ អង្គកឋិនទានដែលផ្តួចផ្តើមដោយលោកឧត្ដមសេនីយ៍ឯក ឈួន ថាវរិន្ទ មេបញ្ជាការរងកងទ័ពជើងអាកាស, សមាជិកគណៈកម្មាធិការកណ្ដាល​គណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារ​ថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ និងអនុប្រធានក្រុមការងារចុះជួយ​ស្រុកព្រែកប្រសព្វ​ បានដង្ហែទៅកាន់វត្តបទុមរាជា ស្ថិតនៅភូមិដីដុះលើ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយប្រមូលបានបច្ច័យសម្រាប់កសាងសមទ្ធិផលនានា​ក្នុងវត្ត​ចំនួន៧៨៣៩០០០០រៀល និងសម្ភារផ្សេងៗជាច្រើនទៀត។

លោកឧត្តមសេនីយ៍ឯក ឈួន ថាវរិន្ទ បានលើកឡើងពីអត្ថន័យបុណ្យកឋិនថា ហេតុដែលនាំឲ្យមានបុណ្យនេះ គឺមាន៣​យ៉ាងរួមមាន៖

*ទី១៖ មានសេចក្ដីសធាជ្រះថ្លាជឿព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
*ទី២៖ ធ្វើឲ្យមានសេចក្ដីសង្វេគតក់ស្លុត
*​ទី៣៖ ស្អាតស្អំដោយកាយវិកាចិត្ត មិនធ្វើអំពើបាប មិនកាប់សម្លាប់ មិនលួច មិនប្លន់ មិនចេះភរកុហក បោកប្រាស់គេ និងមិនចងគំនុំ។

ក្នុងឱកាសដ៏ប្រពៃនាថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក ឈួន ថាវរិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក លោកស្រី និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមប្រគេនទេយ្យទាន និងបច្ច័យមកកសាងសមិទ្ធផលនានាក្នុងវត្តពោធិមង្គលឧត្ដមក្រឡា សូមទទួលបាននពរជ័រ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោកឧត្តមសេនីយ៍ក៏បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពពេញលេញ បានបង្កើតនូវបរិយាកាសយ៉ាងល្អប្រសើរ ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស គោរពបូជា ចំពោះព្រះពុទ្ធសាសនា និងប្រពៃណីខ្មែរយើង។

គួរបញ្ជាក់ដែរថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ។ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។