(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យលើសំណុំរឿង សហជីពនានា បើរឿងសហជីពណាត្រូវចាត់ការគួរពន្លឿនចាត់ការ ហើយរឿងណាមិនត្រូវចាត់ការគួរទម្លាក់ចោលបាន គួរតែទម្លាក់ចោល ដើម្បីឱ្យថ្នាក់ដឹកនាំសហជីពលែងព្រួយបារម្ភចំពោះរឿងទោសទណ្ឌនេះ។

ការលើកឡើងរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលសម្តេចតេជោ បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិតប្រមាណ ២៣,៤៦៦នាក់ មកពីរោងចក្រ-សហគ្រាស​ចំនួន២០ មកតាមស្រុកនានា​នៅក្នុងខេត្តតាកែវ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «ហើយខ្ញុំក៏សុំស្នើឱ្យរដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យមើលដោយ ខ្ញុំបានធ្វើការថាឱ្យពិនិត្យមើលរឿងបណ្តាលប្រធានសហជីពមានរឿងស្អី រឿងណាដែលគួរចាត់ការក៏ចាត់ការឱ្យវាស្រួតទៅ រឿងណាដែលវាមិនចាត់ការ អាចលើកលែងការចោទប្រកាន់ ឬតម្កល់ទុកមិនចាត់ការ [...] អញ្ចឹងទេឱ្យវាចប់រឿងទៅ ដើម្បីឱ្យសហជីពទាំងនោះមានអារម្មណ៍ថា ធ្វើការរាល់ថ្ងៃដូចជាចំណាត់ខ្មាំង»

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីដែលប្រកបព្រហ្មវិហារធម៌រូបនេះ ក៏បានហៅការទម្លាក់ចោលបណ្តឹងនានា ទៅលើថ្នាក់ដឹកនាំសហជីព គឺជាការពង្រីកលំហរនៃសេរីភាពរបស់កម្មករ និងសហជីពនៅកម្ពុជា ក្នុងចំណោមបញ្ហានានាដែលបានកើតមានឡើងកន្លងមកនេះ។ មិនតែប៉ុណ្ណោះសម្តេចតេជោ បានបន្ថែមថា បច្ចុប្បន្ននេះ សហជីពនីមួយៗចេះគ្រប់គ្រងខ្លួនឯង និងចេះសាមគ្គី ជាមួយកម្មករ-កម្មការិនី ព្រមទាំងចេះចរចាជាមួយថៅកែរោងចក្រពាក់ព័ន្ធ នឹងបញ្ហាដែលកើតមាន នៅក្នុងវិស័យការងាររបស់ពួកគាត់ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ដូច្នេះយកការស្រុះស្រួល យកការយោគយល់គ្នា ជាសំខាន់ដើម្បីធ្វើឱ្យការប្រកបការងារ វារឹតរលូនទៅមុខផងដែរ។ ក៏ប៉ុន្តែបទល្មើសព្រហ្មទណ្ឌ គឺមិនត្រូវលើកលែងឱ្យនោះទេ ព្រោះករណីខ្លះមានមនុស្សមួយចំនួនអាងខ្លួនថា ជាមេសហជីព ឬអង្គការក្រៅរដ្ឋាភិបាល ទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ រហូតដល់អនុវត្តតាមផ្លូវច្បាប់ បែរជាចោទថារដ្ឋាភិបាល គាប់សង្កត់សិទ្ធិសេរីភាពរបស់សហជីព ឬគាប់សង្កត់សិទ្ធិរបស់អង្គការក្រៅរដ្ឋាភិបាលទៅវិញ សូមជម្រាបថា កម្ពុជា យកច្បាប់មកអនុវត្តជាធំ។

ឆ្លៀតនៅក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានក្រឿនរំលឹកកម្មករ-កម្មការិនីថា ត្រូវប្រយ័ត្នប្រយែង ក្នុងការធ្វើសកម្មភាពតវ៉ាទាមទារ ដំឡើងប្រាក់ឈ្នួល ព្រោះមានប្រទេសជាច្រើនកំពុងប្រកួតប្រជែងជាមួយយើង ដែលបណ្តាប្រទេសទាំងនៅប្រាក់ឈ្នួលកម្មករ-កម្មការិនី របស់ប្រទេសទាំងនោះនៅមានកម្រិតទាបជាងកម្ពុជា ខ្លាំងណាស់ ជាពិសេសមិនត្រូវបង្កើតឱ្យមានក្រុមបងតូច បងធំ ដែលចេះតែនាំគ្នាបង្កបញ្ហាអសន្តិសុខផ្សេងៗ នៅតាមបណ្តារោងចក្រ និងសហគ្រាសជាខាត៕