(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទាត់ចោលការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន ពីសំណាញ់ច្បាប់កម្ពុជា ដែលថានឹងមានការដោះលែងលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ខណៈដែលលោក កឹម សុខា មិនទាន់ត្រូវតុលាការកាត់ទោស ហើយសាលក្រមមិនទាន់ចូលស្ថាពរនៅឡើយ។

ក្នុងពិធីជួប​​សំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ២៣,៤៦៦នាក់​មកពីរោងចក្រ សហគ្រាសចំនួន២០ មកតាមស្រុកនានា​ក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានហៅទណ្ឌិត សម រង្ស៊ី ជាបិតាភូតកុហក ហើយសម្ដេចក៏មិនចង់ឆ្លើយឆ្លងជាមួយទណ្ឌិត រត់ចោលស្រុករូបនេះទេ តែបើមិនបញ្ជាក់នឹងមានអ្នកចាញ់បោកការភូតកុហកនេះបន្ដទៀត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គេថាថ្ងៃទី២៩ ខែធ្នូនេះ នឹងមានការដោះលែងអ្នកទោស អានេះពិតជាចេះបោកគេហៅថា បោកចិញ្ចឹមឆ្នាំង ចាំមើលទៅអ្នកជឿ ចាំមើលទៅ​។ សម រង្ស៊ី គាត់បង្ហោះក្នុង Facebook គាត់ថាថ្ងៃ២៩នេះ លោក ហ៊ុន សែន នឹងដោះលែង កឹម សុខា ដែលគាត់ហៅថា ធ្វើខួបលើកទី២០ នៃនយោបាយឈ្នះឈ្នះ ហើយនេះក្រោមសម្ពាធអន្ដរជាតិ។ ហ្អែងចាំមើលៗ ហើយអ្នកគាំទ្រអ្នកឯងចាំមើលទៅ ខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងទេ ចាំមើលទៅ អាមេខ្លួនឯង បោកកូនខ្លួនឯងប៉ុណ្ណា»

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ​បានពន្យល់ត្រឡប់ទៅទណ្ឌិត ដែលមិនយល់ពីច្បាប់​ថា លោក កឹម សុខា មិនទាន់ត្រូវបានតុលាការកាត់ទោស ហើយសាលក្រមមិនទាន់ចូលស្ថាពរនៅឡើយនោះទេ ដូច្នេះលោក កឹម សុខា គ្មានទោសឯណាត្រូវស្នើព្រះមហាក្សត្រព្រះរាជទានលើកលែងទោសនោះទេ ហើយសម្ដេចក៏គ្មានសិទ្ធិស្នើថ្វាយព្រះមហាក្សត្រលើកលែងទោសឲ្យអ្នកណាទាំងអស់ ចំពោះអ្នកដែលស្ថិតក្នុងក្របខណ្ឌជាពិរុទ្ធជន​។

ក្រៅពីប្រកាសច្រានចោលចំពោះការលើកឡើងដោយខុសពីច្បាប់របស់ទណ្ឌិត សម រង្ស៊ី ខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតដាក់ផ្លែផ្កាទៅវិញទៀតថា កាលណាដែលសេះ ដុះស្នែង ទើបសម្ដេចស្នើថ្វាយព្រះមហាក្សត្រ ដើម្បីដោះលែង​លោក កឹម សុខា។

សម្ដេចតេជោ ហ៊ុន សែន បានហៅទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលគុកនៅកម្ពុជាថា មួយថ្ងៃៗមិនដែលចេះធ្វើការអ្វីនោះទេ ពោលអង្គុយរកនឹកតែល្បិចដើម្បីបោកប្រាស់ ភូតកុហកកូនចៅខ្លួនឯងប៉ុណ្ណោះ ហើយមួយករណីទៀត រកនឹកដើម្បីបង្ហោះសារលើ Facebook ដើម្បីបោកអ្នកប្រើប្រាស់ Facebook និងគ្រាន់តែចង់បានការចុច Like។

សូមជម្រាបថា លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស ត្រូវបានតុលាការសម្រេចដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ។

ការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាម ផ្លូវតុលាការនេះ បានភ្ជាប់នូវលក្ខខណ្ឌចាំបាច់មួយចំនួន សម្រាប់អតីតមេបក្សប្រឆាំងនេះ ដែលរួមមានដូចជា មិនអនុញ្ញាតឲ្យចេញក្រៅពីព្រំប្រទល់នៃដែនដី ដែលខណ្ឌដោយ ផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គល ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងបុគ្គលឬជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង និងមិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយជាដើម៕