(ភ្នំពេញ)៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដឹកនាំរៀបចំសន្និសីតសារព័ត៌មាន ស្ដីពីពិធីបំបែកកំណត់ត្រាទូកង វែងជាងគេនៅលើពិភពលោក។

សន្និសីទសារព័ត៌មាននេះ ក៏មានការចូលរួមពី លោក ជា សុមេធី អភិបាលខេត្តព្រៃវែង, លោក ងិន បាណាល់, លោក ខៀវ ភារិទ្ធ និងលោក តុប នេត ដែលសុទ្ធសឹងតែជាតួអង្គយ៉ាងសំខាន់ ក្នុងផ្ដួចផ្ដើមរៀបចំធ្វើទូកនេះឡើង។

ថ្លែងក្នុងឱកាសនោះ លោក ស សុខា បានបញ្ជាក់ថា គិតចាប់តាំងពីដំណើរការសាងសង់ រហូតមកដល់លេចចេញជារូបរាងទូកជាស្ថាពរនេះ មានរយៈពេលជិត៧ខែមកហើយ ពោលមានចំនួន១៩២ថ្ងៃ។

បើតាមលោក ស សុខា ការធ្វើទូកងវែងជាងគេនេះ ដើម្បីសបញ្ជាក់ថា កូនខ្មែរពិតជារួមរួបសាមគ្គីគ្នា ដើម្បីបំបែកកំណត់ត្រាទូកមួយដែលវែងជាងគេនៅលើពិភពលោក និងចង់បង្ហាញអំពីសក្ដានុពលទេសចរណ៍ជាច្រើនផ្សេងទៀតផងដែរ។

សូមជម្រាបថា ពិធីបំបែកកំណត់ត្រាពិភពលោក នឹងរៀបចំធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលពិធីនេះនឹងធ្វើឡើងនៅតំបន់អ្នកលឿងត្រើយខាងកើត៕