(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានជំរុញលើកទឹកចិត្តដល់វិស័យរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ត្រូវខិតខំបង្កើនផលិតផលទេសចរណ៍ថ្មីៗ សម្រួលមធ្យោបាយនានាជូនទេសចរ ផ្សព្វផ្សាយពីគោលដៅទេសចរណ៍ឱ្យបានទូលំទូលាយ ពិសេសត្រូវពង្រឹងពង្រីកផលិផលទេស ដើម្បីទាក់ទាញកំណើនទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន និងទាក់ទាញពួកគេឱ្យស្នាក់នៅកម្ពុជាបានយូរ ចំណាយកាន់តែច្រើន។

ការជំរុញលើកទឹកកិច្ច ក៏ដូចជាការណែនាំរបស់លោករដ្ឋមន្ត្រី ថោង ខុន យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយភាគីរដ្ឋ និងឯកជនក្នុងវិស័យទេសចរណ៍ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងទេសចរណ៍។

លោក ថោង ខុន បានថ្លែងថា ដើម្បីឱ្យភ្ញៀវទេសចរមកទស្សនាកម្ពុជាកាន់តែច្រើន ស្នាក់នៅកាន់តែយូរ និងចំណាយកាន់តែច្រើនថែមទៀត ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ ឯកជន ប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធនានា (4P) ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាពោរពេញទៅដោយភាពស្អាត និងបៃតង។ មួយវិញទៀត ភោជនីយដ្ឋាន-អាហារដ្ឋានគ្មានសំរាមក្រោមតុ បង្គន់អនាម័យសាធារណៈស្អាត ក៏ជាកត្តាចាំបាច់ផងដែរ។

លោកបន្តថា ក្នុងកិច្ចប្រជុំនាថ្ងៃនេះ ភាគីរដ្ឋ ឯកជន និងដៃគូពាក់ព័ន្ធ បានឯកភាពគ្នាថានឹងខិតខំបង្កើនធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យកាន់តែច្រើន តាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែម ខិតខំអនុវត្តយុទ្ធសាស្ត្រដែលក្រសួងទេសចរណ៍បានដាក់ចេញ ដូចជា ការទទួលស្គាល់អ្នកជំនាញពីមុន កម្មវិធីរៀនផងធ្វើការផង និងកម្មវិធីរៀនមុនធ្វើការងារតាមក្រោយជាដើម។

លោក ថោង ខុន បានជំរុញឱ្យមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ ឱ្យបានកាន់តែច្រើនថែមទៀត។ លោកក៏បានលើកទឹកចិត្តដល់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈម្ហូបអាហារ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍ទាំងអស់ ត្រូវពង្រឹងគុណភាពសេវាកម្មម្ហូបអាហារ សេវាកម្មស្នាក់នៅ សេវាកម្មលក់កញ្ចប់ទស្សនកិច្ចជូនភ្ញៀវទេសចរជាដើម។

ចំពោះផលិតផលនានាដែលលក់ជូនភ្ញៀវទេសចរ ត្រូវដាក់ពាណិជ្ជនាមទាំងឡាយណាដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ និងងាយស្រួលចំណាំ រីឯពាណិជ្ជសញ្ញាក៏ត្រូវដាក់បែបណាស្រួលចំណាំ ងាយស្រួលក្នុងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីផលិតផលទាំងនោះ ពិសេសគឺផលិតផលឧស្សាហកម្មខ្នាតតូច និងមធ្យម (SME) ដែលជាជំនួយយ៉ាងសំខាន់ដល់ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ ថែមទាំងបានឯកភាពគ្នាលើការសិក្សារួមគ្នាមួយនាពេលខាងមុខ លើយុទ្ធសាស្ត្រទីផ្សារ និងផែនការសកម្មភាព ក្នងការផ្សព្វផ្សាយទេសចរណ៍ ដែលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ដែលរួបមានសមាជិកមកពីផ្នែកសាធារណៈ និងឯកជន នឺងពិភាក្សាគ្នាឱ្យបានល្អិតល្អន់ នៅពេលដ៏ខ្លីខាងមុខនេះ។

ក្នុងកិច្ចប្រជុំខាងលើ ខាងផ្នែកឯកជនបានស្នើអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យជួយសម្រួលដល់មធ្យោបាយធ្វើដំណើរឯកជន និងជាគ្រួសាររបស់ភ្ញៀវទេសចរ ដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិ ហើយភាគីគយក៏បានបញ្ជាក់វិញថា នឹងខិតខំកែសម្រួលបែបបទនេះឱ្យបានរហ័ស និងងាយស្រួលជាងមុន។ រីឯខាងអន្តោប្រវេសន៍ក៏បានសន្យាថា នឹងខិតខំបណ្ដុះបណ្ដាលមន្រ្តីផ្នែកភាសាអង់គ្លេស ក៏ដូចជាភាសាចិន និងភាសាផ្សេងៗទៀតឱ្យបានល្អផងដែរ។

ផ្នែកឯកជនក៏បានសំណូមពរដល់អាជ្ញាធរផងដែរ សូមជួយរក្សា ការពាសន្តិសុខដល់ទេសចរ ដែលកិច្ចការនេះលោករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកបានពិភាក្សានេះជាមួយលោកអគ្គស្នងការនគរបាលជាតិ នេត សាវឿន ដើម្បីពង្រឹងការងារនេះ។

ផ្នែកឯកជនក៏បានសំណូមពរដល់សាលារាជធានីភ្នំពេញ ឱ្យជួយកសាងកំពង់ផែកាណូតទេសចរណ៍នៅទីក្រុងភ្នំពេញផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា កម្ពុជានៅតែស្វាគមន៍ទេសចរចិន ព្រោះទេសចរចិនជាទេសចរដែលមានចំនួនច្រើនជាងគេលើពិភពលោក ហើយចាយច្រើនជាងគេ កម្ពុជាខិតខំត្រៀមខ្លួនជានិច្ច ដើម្បីទទួលភ្ញៀវទេសចរចិន តាមរយៈយុទ្ធសាស្ត្រ «China Ready» ធ្វើយ៉ាងណាផ្តល់បដិសណ្ឋារកិច្ចដល់ទីផ្សារទេសចរចិនឱ្យបានកាន់តែល្អ ដើម្បីស្ថិរភាព កំណើន ទាំងបរិមាណ និងគុណភាព។

លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ប្រាប់ថា បច្ចុប្បន្ននៅលើពិភពលោកគ្មានប្រទេសណាមួយមិនចាប់យកឱកាស ក្នុងការត្រៀមទទួលទេសចរចិននោះទេ សូម្បីតែនៅក្នុងអាស៊ាន ប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម ក៏ជាប្រទេសទទួលទេសចរចិនច្រើនជាងកម្ពុជាកម្ពុជាផងដែរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក៏បានអំពាវនាវដល់វិស័យឯកជន និងដៃគូពាក់ព័ន្ធចូលរួមក្នុងពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ព្រមទាំងពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយ ឈ្នះ ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ ដែលនឹងព្រឹត្តទៅនាថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខផងដែរ៕