(ភ្នំពេញ)៖ ក្បាច់គុនល្បុក្កតោខ្មែរ ដែលដូនតាយើងបន្សល់ទុកជាមរតកមានអាយុជាង២០០០ឆ្នាំមកហើយនោះ នឹងត្រូវផលិតជាខ្សែភាពយន្តរឿង «ព្រលឹងគុនល្បុក្កតោ» គោលបំណងដើម្បី ថែរក្សាទុកជាឯកសារ សម្រាប់កូនខ្មែរជំនាន់ក្រោយ។

ការផលិតខ្សែភាពយន្តរឿង «ព្រលឹងគុនល្បុក្កតោ» ដែលនិពន្ធរៀបរៀងដោយលោកគ្រូ សាន គឹមស៊ាន ហើយដែលបានផ្តល់ថវិកាដោយអ្នកឧកញ៉ា តឹក ង៉ូយ។

អ្នកឧកញ៉ា​ តឹក​ ង៉ូយ​ បានឲ្យដឹងថា មូលហេតុដែលអ្នកឧកញ៉ា ផ្តល់ថវិកាគាំទ្រដល់ការផលិតខ្សែភាពយន្តរឿង «ព្រលឹងល្បុក្កតោ» នេះឡើង មានគោលបំណងដើម្បីថែរក្សាសម្បត្តិមរតក ដែលដូនតាបន្សល់ទុកកុំឲ្យបាត់បង់ និងជាឯកសារសម្រាប់កូនខ្មែរជំនាន់ក្រោយឲ្យស្គាល់។

អ្នកឧកញ៉ាបានឲ្យដឹងទៀតថា ការផលិតខ្សែភាពយន្តនេះឡើង ក៏ជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពជា ដែលបានដាក់ស្នើរទៅអង្គការយូនីស្កូ ដើម្បីបញ្ចូលក្បាច់គុនល្បុក្កតោ របស់ខ្មែរយើង ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។

តាមគម្រោងខ្សែភាពយន្តរឿង ព្រលឹង​គុនល្បុក្កតោនឹងចាប់ផ្តើមថតនៅថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ ខាងមុខនេះ​ នៅទឹកដី​ខេត្ត​កំពង់​ឆ្នាំង​ ដោយមានការចូលរួមសម្តែងដោយយុវជន​ ដែលជាកូនសិស្សរបស់សាលាក្បាច់គុនល្បុក្កតោ​ លោកគ្រូ​ សាន​ គឹមស៊ាន៕