(ស្ទឹងត្រែង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានជំរុញឱ្យយោធភូមិភាគទី១ និងទី២ និងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវប្រមូលផ្តុំកម្លាំងសាមគ្គីគ្នា អភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីរក្សាឱ្យបានសន្តិភាព និងការអភិវឌ្ឍន៍ឱ្យបានយូរអង្វែងទៅថ្ងៃអនាគត និងត្រូវស្មោះត្រង់ជាមួយរដ្ឋាភិបាល និងខិតខំការពារបូរណភាពទឹកដី ការពារសន្តិភាព សន្តិសុខជូនពលរដ្ឋឱ្យបានកាន់តែរឹងមាំថែមទៀត។

ការជំរុញបែបនេះរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីនៅថ្ងៃទី០៥​ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ អញ្ជើញជាតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះសួរសុខទុក្ខកងទ័ព និងត្រួតពិនិត្យលទ្ធផលការងារធានាភស្តុភារ និងហរិញ្ញវត្ថុ នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង និងភូមិភាគទី២ ខេត្តកំពង់ចាម។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងថា តាមរយៈនៃការចុះសួរសុខទុក្ខ ដល់កងទ័ពទាំងពីរភូមិភាគខាងលើនាពេលនោះបាន ធ្វើឱ្យប្រតិភូស្វែងយល់កាន់តែច្បាស់ អំពីជីវភាពរស់នៅជាក់ស្តែង របស់កងទ័ព ដើម្បីបន្តការជួយឧបត្ថម្ភដល់បងប្អូនឱ្យបាន់ពេលវេលា និងកាន់តែប្រសើឡើងជាងមុន។

ឆ្លៀតក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងយោធភូមិភាគទី១ និងទី២ ទាំងអស់ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុក្ខដាក់គិតគូរ ចំពោះបងប្អូនកងទ័ពទាំងអស់ ទាំងការហូបចុកស្នាក់នៅ ក៏ដូចជា ការថែទាំសុខភាពរបស់បងប្អូន។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងថា ការកសាងកម្លាំងទ័ព ដែលបានឈានដល់ការរំដោះប្រទេសជាតិឱ្យរួចផុតពី របបប្រល័យពូជសាសន៍ រហូតបានបញ្ចប់សង្គ្រាម និងមានសន្តិភាពពេញលេញ គឺជាកម្លាំងពិតដែលបានប្រសូត្រចេញពីស្នាដៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើចាប់តាំងពីបាតដៃទទេរហូតមកដល់បច្ចុប្បន្ន មានការរីកចម្រើនលើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្តេចបានយកចិត្តទុកដាក់ដឹកនាំកសាងប្រទេសជាតិ ធ្វើឱ្យកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន ហើយបានដំឡើងប្រាក់បៀវត្សរ៍ ដល់មន្ត្រីរាជការកងទ័ព ទទួលបានប្រាក់ខែកើនឡើងជាបន្តបន្ទាប់ ដែលបានរួមចំណែកឱ្យជីវភាពរស់នៅរបស់កងទ័ពកាន់តែប្រសើជាងមុន។

នាយឧត្តមសេនីយ៍ បានជំរុញឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងយោធភូមិភាគទី១ និងទី២ បន្តយកចិត្តទុកដាក់លើការងារកសាងអង្គភាព បង្កបង្កើនផលចិញ្ចឹមសត្វ ថែទាំសុខភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ពឱ្យបានកាន់តែប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកតិ្តព្រឹទ្ធបណ្តិត ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ តែងតែនឹករលឹក គិតគូ ដឹងសុខទុក្ខដល់បណ្តាលអង្គភាពកងយោធពលខេមរភូមិន្ទទាំងអស់ ទោះបីបោះទីតាំងនៅជិត ឬនៅឆ្ងាយក៏ដោយ ក៏សម្តេចទាំងពីរតែងតែយកចិត្តទុក្ខដាក់ដល់បងប្អូនកងទ័ពជានិច្ច៕