(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំទិញឱសថតាមអនឡាញ ចៀសវាងឱសថក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោយបញ្ចប់សន្និសីទថ្នាក់តំបន់ ស្ដីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាត» នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានគូសបញ្ជាក់ថា ​ឱសថដើម្បីមានលទ្ធភាព មានសិទ្ធិលក់ និងចែកចាយ នៅក្នុងទីផ្សារបាន ត្រូវតែមានការអនុញ្ញាត ចុះបញ្ជីការត្រឹមត្រូវទៅតាមផ្លូវច្បាប់ ពីក្រសួងសុខាភិបាល។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ​ក៏បានបង្ហាញនូវចំណេះដឹងជាមូលដ្ឋានខ្លះៗ ដែលប្រជាពលរដ្ឋអាចមើលដឹងពីឱសថ​ក្លែងក្លាយ ដោយទី១៖ ​នៅលើការវិចខ្ចប់ឱសថមិនមានភាពត្រឹមត្រូវ ពោលការសរសេរអក្សរខុសជាដើម, ទី២៖ ការវិចខ្ចប់ខុសទ្រង់ទ្រាយ ខុសសណ្ឋាន, ទី៣៖ ក្លិន និងពណ៌សម្បុរ (ដាច់រហែក ខ្លិនដូចអាស៊ីត ដូចថ្នាំពុល), ទី៤៖ លេខបញ្ជិការ, ទី៥៖ មានបកប្រែជាភាសាខ្មែរ​​នៅក្នុងប្រអប់​ ដែលណែនាំអំពីរបៀបប្រើប្រាស់, ទី៦៖ មានបញ្ជាក់ពីប្រភពដើម ប្រទេសផលិតច្បាស់លាស់ និងទី៧៖ កាលបរិច្ឆេទប្រើប្រាស់។

ដោយឡែក រាល់អ្នកដែលកំពុងផ្សព្វផ្សាយលក់ឱសថនៅទីផ្សារអនឡាញ ពិសេសបណ្ដាញសង្គម Facebook ត្រូវបាននាយឧត្តមសេនីយ៍ មៀច សុផាន់ណា គូសបញ្ជាក់ថា​ ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីឈានទៅដល់ការបិទគណនី Facebook ទាំងនោះនៅពេលអ្នកជំនាញមានព័ត៌មានជាក់លាក់។

នាយឧត្តមសេនីយ៍ ប្រធានគណៈកម្មាធិការ ក៏បានព្រមានទៅដល់ក្រុមឧក្រិដ្ឋជនទាំងអស់ ដែលកំពុងផលិត ចរាចរឱសថក្លែងក្លាយ និងអន់គុណភាពនោះថា រាជរដ្ឋាភិបាល នឹងមិនព្រងើយកន្ដើយ និងយកចិត្តទុកដាក់ ហើយធ្វើគ្រប់សកម្មភាពទាំងអស់ដើម្បីបង្ក្រាបការផលិត ការចរាចរ ចែកចាយ ឱសថខុសច្បាប់នេះ ដោយមិនលើកលែងឲ្យជាដាច់ខាត ដែលអ្នកទាំងនោះនឹងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់៕