(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកាថ្នាក់តំបន់ស្តីពី «កសិកម្មអេកូឡូស៊ីនាពេលអនាគត» ដែលបានរៀបចំឡើង ដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការយ៉ាងល្អប្រសើរ ជាមួយមជ្ឈមណ្ឌល CIRAD និងអង្គការ GRET។

ក្នុងឱកាសនោះ ក៏មានដៃគូជាច្រើនផងដែរ បានចូលរួមដូចជា៖ លោកស្រី Naomi Noel តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), លោកបណ្ឌិត Philippe Girard តំណាងមជ្ឈមណ្ឌល CIRAD និងជានាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍, លោក Dominique Violas តំណាងអង្គការ GRET និងតំណាងនៃបណ្តាប្រទេសជាច្រើននៅអាស៊ី និងស្ថាប័នពាក់ព័ន្ធជាច្រើន។

ដើម្បីចូលរួមជំរុញការងារ «កសិកម្មអេកូឡូស៊ីនាពេលអនាគត» ដែលជាប្រធានបទសំខាន់ក្នុងវេទិកានាថ្ងៃនេះ លោករដ្ឋមន្រ្តី វេង សាខុន បានចូលរួមផ្តល់នូវសារគន្លឹះមួយចំនួន ជូនអង្គពិធីទាំងមូល ដើម្បីពិចារណាដូចតទៅ ៖

ទី១៖​ ជំរុញការអនុវត្តកសិកម្មល្អប្រកបដោយចីរភាព និងមានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ដោយដាក់បញ្ចូលគោលការណ៍ប្រព័ន្ធអេកូឡូស៊ីជាមូលដ្ឋាន ដោយត្រូវកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយអំពីការ អនុវត្តកសិកម្មល្អ ប្រកបដោយភាពឆ្លាតវៃ ស្របតាមវិធានការ និងគោលការណ៍របស់ប្រទេសនីមួយៗ និងគោលការណ៍រួមរបស់អាស៊ាន ធានាឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ពីប្រទេសមួយ ទៅប្រទេសមួយ និងត្រូវធ្វើឲ្យប្រសើរឡើងដល់ការកំណត់ និងការគ្រប់គ្រងហានិភ័យធម្មជាតិ និងសមត្ថភាពទាំងឡាយ ឲ្យស្របទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត។

ទី២៖ ត្រូវអនុវត្តរាល់វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី ដោយត្រូវបន្តសហការគ្នា រៀបចំកំណត់តំបន់ដីកសិកម្ម ឲ្យបានសមស្របសម្រាប់ ទិសដៅប្រើប្រាស់យូរអង្វែង និងត្រូវអនុវត្តគោលការណ៍ពាក់ព័ន្ធ ដើម្បីឈានដល់ការគ្រប់គ្រងធនធានធម្មជាតិ ដែលកើតចេញពីវិធានការអភិវឌ្ឍប្រកបដោយចីរភាព ដោយប្រមូលផ្តុំនៅក្នុងប្រព័ន្ធគ្រប់គ្រងអេកូឡូស៊ី និងការអភិវឌ្ឍផ្អែកលើមូលដ្ឋានជីវៈចម្រុះ។

ជាមួយគ្នានេះ ក៏ត្រូវលើកកម្ពស់គោលនយោបាយប្រើប្រាស់ដីធ្លី ដើម្បីជួយដល់កសិករដែលមានដីស្រែចម្ការតិចតួច ប្រកបដោយសមធម៌ និងរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ដី និងប្រភពធនធានធម្មជាតិ តាមរយៈការធ្វើកសិកម្មចម្រុះ ឲ្យអស់លទ្ធភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។

ទី៣៖ គ្រប់បណ្តាប្រទេស និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឲ្យបានល្អដើម្បីចូលរួមការពារ ស្តារនិងអនុវត្តការប្រើប្រាស់ដោយនិរន្តរភាពនូវធនធានធម្មជាតិ និងប្រព័ន្ធបរិស្ថាន ជាពិសេស គឺចូលរួមទប់ស្កាត់ការអនុវត្ត ឬសកម្មភាពដែលបង្ក ឲ្យមានរហោស្ថានកម្ម ឬការធ្លាក់ចុះគុណភាពដី ពោលគឺត្រូវបង្វែរពីការរស់នៅដោយពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ ព្រមទាំងការអនុវត្តធ្វើកសិកម្មតាមទម្លាប់ មកធ្វើកសិកម្មតាមបែប ប្រពលវប្បកម្មទំនើប ចម្រុះ ទាន់សម័យ និងសមស្រប ហើយចូលរួមគ្រប់គ្រងដីឲ្យមាននិរន្តរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ពោលគឺត្រូវរក្សា ស្តារ ឬកែប្រែទឹក និងដី ឲ្យមានភាពបៃតងស្រស់ មានភាពមនោរម្យ យូរអង្វែងសម្រាប់ជីវិតរបស់យើងគ្រប់ៗគ្នា។

សូមជម្រាបថា វេទិកានេះ រៀបចំឡើង ស្របពេលដែលកំណើនសេដ្ឋកិច្ច ព្រមទាំងទំនើបកម្ម និងនវានុវត្តសង្គមក្នុងតំបន់កំពុងតែ មានលក្ខណៈប្រទាក់ក្រឡាគ្នាយ៉ាងល្អប្រសើរ ហើយក៏ជាសក្ខីកម្មមួយ ដែលរំពឹងថា នឹងផ្តល់នូវលទ្ធផលល្អ នាពេលខាងមុខ សម្រាប់បណ្តាប្រទេសក្នុងតំបន់ ដើម្បីផ្សារភ្ជាប់ ជាមួយយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្នាក់តំបន់មួយ យ៉ាងល្អប្រសើរសម្រាប់ជាចក្ខុវិស័យ ក្នុងការបង្កើនផលិតភាពកសិកម្ម ប្រកបដោយសុវត្ថិភាព ភាតរបរិស្ថាន និងភាពរីកចម្រើនរបស់ប្រជាជនយើង ទាំងអស់គ្នានៅក្នុងតំបន់នេះ៕