(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការការសាងសង់វិមានឈ្នះ-ឈ្នះ បានបញ្ជាក់ថា គោលនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបដិវត្តន៍ពណ៌ដែលមាននៅកម្ពុជា។

ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានធ្វើឡើងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញបើកសិក្ខាសាលាក្រោមប្រធានបទ ស្តីពី ចក្ខុវិស័យក្នុងការសាងសង់វិមានឈ្នះ-ឈ្នះ «ព្រឹត្តិការណ៍បង្កើតព្រឹត្តិការណ៍» ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេច ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គោនយោបាយឈ្នះ-ឈ្នះ ក៏នូវតែដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងបង្ក្រាបបដិវត្តន៍ពណ៌ ដែលមាននៅកម្ពុជា ហើយបន្ដជំនឿទុកចិត្តសម្រាប់ការបោះឆ្នោត និងលទ្ធផលបោះឆ្នោត នាពេលកន្លងទៅ។ បដិវត្តន៍ពណ៌ គឺជាសត្រូវដាច់ខាតរបស់នយោបាយ ឈ្នះ-ឈ្នះ តាំងពីដើម»។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមទៀតថា ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃនេះ គឺកើតមានស្នាដៃរបស់សម្ដេចតេជោ ដែលមានការអភិវឌ្ឍន៍ប្រទេស។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា គោនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ គឺជាគំរូសម្រាប់ស្វែងរក សន្ដិភាពក្នុងប្រទេសមានជម្លោះ។

សូមរំលឹកថា ការបញ្ចប់ សង្រ្គាមនៅកម្ពុជា គឺធ្វើឡើងតាមរយៈ នយោបាយឈ្នះឈ្នះ របស់សម្ដេច ដែលជានយោបាយមួយ ដែលបង្កើតឡើង ដោយស្នាដៃកូនខ្មែរសុទ្ធសាធ។ នយោបាយឈ្នះ-ឈ្នះ ផ្ដោតសំខាន់លើកត្តា៣យ៉ាង គឺទី១៖ ធានាអាយុជីវិត ,ទី២៖ អាជីពនិងមុខរបរ, និងទី៣៖ ទទួលស្គាល់ និងធានាកម្មសិទ្ធិ ស្របច្បាប់ របស់ក្រុមខ្មែរក្រហម ដែលចុះចូលជាមួយ កងយោធពលខេមរភូមិន្ទ៕