(កំពង់ចាម)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ម្ហូបអាហារនៅផ្សារជីហែស្ថិតនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៥មុខ ដែលជាទឹកក្រូច និងទឹកផ្លែឈើហួសកាលបរិច្ឆេទ។

លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា ក្រោយពេលចុះត្រួតពិនិត្យនោះ ក្រុមការងាររបស់លោក បានរកឃើញភេសជ្ជៈដែលហួសកាលបរិច្ឆេទ មួយចំនួនធំរួមមាន៖ ទឹកចាហួយចំនួន៨កំប៉ុង, ទឹកក្រូចម៉ាក FANTA ចំនួន២ដប, ទឹកក្រូចម៉ាក ZABEl ចំនួន១០កេះ, ទឹកក្រូចម៉ាក cham cham ចំនួន៦កេះ និងទឹកផ្លែឈើម៉ាក Kelly ចំនួន៣៦ដប
ហើយក្រុមការងាររបស់លោកក៏បានដកហូតយកទៅកម្ទេចចោលតែម្តង។

លោកប្រធានសាខា បានបន្តទៀតថា ក្នុងឱកាសនោះ មន្ដ្រីជំនាញ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។

ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើការណែនាំ​ដល់អាជីវករឲ្យជៀសវាង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ​អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរ​ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ​ដាក់ដាច់ដោយឡែកៗពីគ្នា។

ជាមួយគ្នានោះ លោកប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ៕