(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ ឆេង សារ៉ា ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ មុខរបជាមេតុងទីន ដែលបានឆបោកប្រាក់តុងទីន ក្រុមអាជីវករផ្សារឯករាជ្យ១ និងអាជីវករផ្សារកាណាឌីយ៉ាជិត៥០០នាក់ ស​រុបជាទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្នរង់ចាំជំនុំជម្រះជាក្រោយតាមនីតិវិធី។

ការសម្រេចឃុំខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោកស្រី វ៉ា សក្កដា បានបញ្ចប់ការសាកសួរ និងបានបញ្ជូនសំណុំស្ត្រីត្រូវចោទ ទៅចៅក្រមស៊ើបកាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកាម្សិលមិញ។

សូមរលឹកថា ស្ត្រីឈ្មោះឆេង សារ៉ា អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោ​ធិ៍សែនជ័យ ឃាត់ខ្លួនកាលពីទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុច ផ្សារកាណាស៉ីធី ស្ថិតនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោយមានពាក្យបណ្តឹងពីជនរងគ្រោះ ដែលជាកូនតុងទីន។

ក្រុមអាជីវករដែលជាជនរងគ្រោះ បានឲ្យដឹងថា ស្រ្តីដែលជាមេតុងទី​នបោកខាងលើឈ្មោះ ឆេង សារ៉ា អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ រា​ជធានីភ្នំពេញ ហើយបានបញ្ជូនខ្លួនមកកាន់តុលាការ នៅថ្ងៃទី៤ ខឺវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីវិនិច្ឆ័យទោសតាមច្បាប់។

ដើមចមនៃរឿងរ៉ាវនេះ ត្រូវបានកូនតុងទីន រៀបរាប់ថា ស្ត្រីដែលជាមេតុងទីនខាងលើ ធ្លាប់រកស៊ីបោះដុំឥវ៉ាន់ចាប់ហួយ នៅផ្សារឯករាជ្យ១ និងផ្សារកាណាឌីយ៉ា​ រហូតបានស្គាល់គ្នាជិតឌិត ក៏បាននាំគ្នាលេងតុងទីន ចាប់ពីក្បាល២ម៉ឺនរៀល ដល់ក្បាល១០០ដុល្លារ ចំនួនអ្នកលេងតុងទីជិត៥០០នាក់ អ្នកខ្លះលេង៣ក្បាល និង៨ក្បា​ល។

ពួកគាត់មានអ្នកខ្លះលេងរយៈពេល៦ឆ្នាំ ខ្លះ៣ឆ្នាំ និងខ្លះ​ទៀត២ឆ្នាំ ហើយក្នុងម្នាក់ៗ អ្នកខ្លះបង់តិចបំផុតជាង១,០០០ដុល្លារ រីឯខ្លះទៀតរហូតដល់ទៅជាង៣ម៉ឺនដុល្លារក៏មាន។ ​កូនតុងទីន បានឲ្យដឹងបន្តទៀតថា ជាបន្តប​ន្ទាប់រយៈពេលជាង៦ឆ្នាំមកនេះ ស្រ្តីជាមេតុងទីន​ខាងលើ បានលេងជាមួយកូនតុងទីនមកជាធម្មតា។

លុះរយៈពេលជាង៥ខែមកនេះ មេតុងទីន​បានព្យាយាមមិនឲ្យកូនតុងទីនផ្សេងៗដេញយក តុងទីនដែលងាប់នោះឡើយ​ ដោយគេចវេសមិនខ្ចីលើកទូរស័ព្ទ និងរត់គេចខ្លួនបាត់តែម្តង។

អស់រយៈពេលជិត៦ខែមក ទើបកូនតុងទីនទាំងអស់នោះ​បានដឹងថា មេ​កំពុងតែវិចបង្វិចរត់គេចខ្លួននោះ ក៏បានរត់មកដាក់ពាក្យបណ្តឹង នៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ​ដើម្បីជួយអន្តរាគមន៍​ តែចៃដន្យក្រុមកូនតុងទីន បានជួបស្រ្តីជាមេតុងទីននោះនៅក្នុងផ្សារកាណាស៊ីធី ទើបនាំគ្នាឃាត់ខ្លួនប្រគល់ ឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់៕​​