(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានប្រាប់លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា កម្ពុជាមិនដែលបានបិទការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុអាស៊ីសេរី RFA នោះទេ ហើយបច្ចុប្បន្នប្រជាពលរដ្ឋនៅតែអាចស្តាប់ការផ្សាយរបស់វិទ្យុទាំងពីរនេះជាធម្មតា។

ការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ក៏ដូចជាការចូលជំរាបលាពីសំណាក់លោក William A. Heidt ដែលត្រូវចប់អាណត្តិការងាររបស់ខ្លួនពីកម្ពុជា។ ក្នុងជំនួបធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ខៀវ កាញារីទ្ធ បានប្រាប់លោក William A. Heidt ថា ការដែលវិទ្យុ VOA និង RFA មិនមានផ្សាយនៅតាមវិទ្យុ FM ដូចពេលកន្លងមកនោះ ដោយសារតែស្ថានីយវិទ្យុក្នុងស្រុកខ្លះ បានបំពានការជួលផ្សាយបន្ត ដោយមិនបានឆ្លងបែបបទឲ្យបានត្រឹមត្រូវពីក្រសួងព័ត៌មាន។

លោក ខៀវ កាញារីទ្ធ ថែមទាំងបានបញ្ជាក់ប្រាប់លោកទូតអាមេរិកទៀតថា កម្ពុជាចង់ឲ្យស្ថានីយវិទ្យុទាំងពីរនេះ មានការការិយាល័យនៅក្នុងប្រទេសកម្ពុជា ដើម្បីងាយស្រួលទាក់ទងការងារអ្វីមួយ។

ពាក់ព័ន្ធបញ្ហាការផ្សាយរបស់វិទ្យុទាំងពីរនេះ លោក William A. Heidt បានជម្រាបលោករដ្ឋមន្ត្រីព័ត៌មានថា កំពុងមានការដោះស្រាយបញ្ហាពាក់ព័ន្ធមួយចំនួនរបស់ស្ថានីយវិទ្យុទាំងពីរនេះ ហើយនៅពេលដោះស្រាយរួចរាល់នឹងមានការធ្វើសកម្មភាពផ្សាយឡើងវិញតាមរលកវិទ្យុ FM នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា។

ក្នុងជំនួបព្រឹកមិញនេះ លោក William A. Heidt ក៏បានបង្ហាញពីភាពសប្បាយរីករាយផងដែរក្នុងអំឡុងពេលបំពេញការងារនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការជឿជាក់ថា ចំណងមិត្តភាពកម្ពុជា និងអាមេរិក កាន់តែមានភាពរីកចម្រើន៕