(ភ្នំពេញ)៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅការិយាល័យសិទ្ធិមនុស្សប្រចាំកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីពិភាក្សាអំពីរបាយការណ៍គំហើញបឋម នៃដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃ នៅកម្ពុជា។

សូមជម្រាបថា លោកស្រី រ៉ូណា ស្មីត បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ច រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ច រយៈពេល១១ថ្ងៃនេះ អ្នកជំនាញរូបនេះ បានជួបជាមួយមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។

អ្នករាយការណ៍ពិសេស អ.ស.ប បំពេញបេសកកម្មផ្លូវការជាទៀតទាត់ មកកាន់ប្រទេសកម្ពុជា និងធ្វើរបាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលក្រុមប្រឹក្សានេះ បានតែងតាំងលោកស្រី នៅក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីនឹងបង្ហាញរបាយការណ៍ បន្ទាប់របស់លោកស្រី ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងខែកញ្ញា ឆ្នាំ២០១៩។

ទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ក៏ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសស្តីពី បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាផងដែរ៕