(ភ្នំពេញ)៖ ​រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោកស្រី ​​Rhona Smith អ្នករាយការណ៍ពិសសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងកសិកម្ម។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី វេង សាខុន បានស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះដំណើរបំពេញភារកិច្ចលើកទី៦ របស់លោកស្រីមកកាន់កម្ពុជា និងសូមចូលរួមអបអរសាទរ ចំពោះអង្គការសិទ្ធិមនុស្សប្រចាំនៅទីក្រុងហ្សឺណែវ ជាពិសេសលោកស្រី Rhona Smith ដោយនាពេលថ្មីៗកន្លងទៅនេះ ក្នុងដំណើរទស្សនៈកិច្ចផ្លូវការ​នៅហ្សឺណែវ ដែលដឹកនាំដោយសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចុះអនុស្សារណៈ​នៃការយោគយល់គ្នា (MOU) ក្នុងការបន្តអាណត្តិរយៈពេលពីរឆ្នាំបន្ថែមទៀត ជាមួយអង្គការ Human Right ប្រចាំនៅទីក្រុងហ្សឺណែល ក្នុងការបន្តបេសកកម្មនៅកម្ពុជា។

ប្រធានបទសំខាន់​ក្នុងការពិភាក្សា បានផ្តោតការយកចិត្តទុកដាក់ទៅលើ ទី១៖ការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាសិទ្ធិក្នុងការទទួលបានស្បៀង និងអាហារូបត្ថម្ភ របស់ប្រជាជនកម្ពុជា, ទី២៖ គោលបំណងពិតរបស់រាជរដ្ឋាភិបាល ក្នុងការជំលៀសប្រជាជនចេញពីតំបន់ឆ្នុកទ្រូក្នុងខេត្តកំពង់ឆ្នាំង, ទី៣៖វឌ្ឍនភាពនៃការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច និងទី៤៖តុល្យភាពនៃការភិរក្សធនធានធម្មជាតិ និងសហគមន៍ព្រៃឈើ និងកសិកម្ម។

ជាកិច្ចឆ្លើយតប រដ្ឋមន្រី្តក្រសួងកសិកម្ម បានលើកមកបញ្ជាក់ម្តងមួយៗ ដូចខាងក្រោម៖

ទី១៖ការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាសិទ្ធិ ក្នុងការទទួលបានស្បៀង និងអាហារូបត្ថម្ភ របស់ប្រជាជនកម្ពុជា ជារួមគឺ ជាកង្វល់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយស្ថាប័នអង្គការសហប្រជាជាតិ (FAO UNIDO WFP និងដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត (ADB, WB, IFAD, China, EU, AFD, Japa, Korea​...)​។ រាល់ការកង្វល់ទាំង​អស់ រួមជាមួយ​ការខិតខំប្រឹងប្រែងពុះពារ គ្រប់ឧបសគ្គរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើសមរភូមិស្តារ និងអភិវឌ្ឍន៍ វិស័យកសិកម្ម គួបផ្សំជាមួយ​ការដាក់ចេញនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ១៩៩៨ បានប្រែក្លាយកម្ពុជា ដែលធ្លាប់តែខ្វះស្បៀង ទៅជាប្រទេសផលិតស្បៀងបានគ្រប់គ្រាន់ (៤លានតោន) ហើយបានសល់ស្បៀងប្រមាណជា​៩ម៉ឺនតោន ជាពិសេសនៅឆ្នាំ២០១៧-២០១៨ កម្ពុជាផលិតស្រូវបាន​១០,៥លានតោន ហើយមានអថិរេកស្បៀងប្រមាណជា​៥,៥​លានតោន សម្រាប់ធ្វើការកែឆ្នៃក្នុងការនាំចេញទៀតផង​។

ទន្ទឹមនឹងនេះ កម្ពុជាទទួលបានផលិផលពីដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មមានចំនួន​១៦,៣៨លានតោន នៅឆ្នាំ២០១៧​កន្លងមក​។ លទ្ធផលទាំងអស់នេះ បានចូលរួមចំណែកប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំនួនមធ្យមកម្រិតទាប ហើយមានក្តីសង្ឃឹម យ៉ាងមុតមាំថាកម្ពុជា នឹងប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។

ទី២៖គោលបំណងពិតរបស់រាជរដ្ឋាភិបាល ក្នុងការជំលៀសប្រជាជនចេញពីតំបន់ឆ្នុកទ្រូក្នុងខេត្តកំពង់ឆ្នាំង ក្នុងន័យ កែលម្អបរិស្ថានទឹកឲ្យបានល្អប្រសើរ ដើម្បីសុខមាលភាពប្រជាជនរស់នៅក្នុងតំបន់នោះ និងស្ថិតនៅខាងក្រោមខ្សែទឹកផងដែរ, ធ្វើឲ្យការរស់នៅរបស់ប្រជាជន មានហេដ្ឋារចនាសម្ព័ន្ធបានត្រឹមត្រូវ និងការប្រកបរបរទទួលទានមានសណ្តាប់ធ្នាប់ និងមានអនាម័យល្អ និងប្រជាជនមានជម្រើសក្នុងការប្រកបមុខរបរដែលខ្លួនពេញចិត្ត បើទោះបីគាត់ចង់បន្ត របរនេសាទយ៉ាងណាក្តី​។ ជាមួយគ្នានេះរាជរដ្ឋាភិបាលពុំមានបំណងណាមួយ ក្នុងការផ្តល់ការធ្វើនេសាទតំបន់នោះ ទៅជាការនេសាទឧស្សាហកម្មឡើយ ទន្ទឹមនឹងនេះ ក្នុងករណីណាមួយ ដែលប្រជាជនចង់បានពង្រីកមុខរបរកសិកម្ម ក្រសួងនឹងខិតខំផ្តល់សេវាជូននាពេលអនាគត។

ទី៣៖វឌ្ឍនភាពនៃការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច កន្លងមករាជរដ្ឋាភិបាលបានផ្តល់សម្បទានដីសេដ្ឋកិច្ចជូនក្រុមហ៊ុនចំនួន​៣៣០​ក្រុមហ៊ុន​។ ដោយបានពិនិត្យ មើលឃើញមានកើតឡើងនូវភាពអសកម្មមួយចំនួន ដែលបានកើតឡើងពីការអនុវត្តគម្រោងសម្បទានដីសេដ្ឋកិច្ចកន្លងមក រាជរដ្ឋាភិបាល បានសម្រេចនិរាករណ៍គម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច ចំនួន​១០១​ក្រុមហ៊ុន ដកហូតដីបានចំនួន​៧៤៨,០៦៤​ហិកតា

ក្នុងនោះ ដោយក្រសួងកសិកម្ម មុនការបង្កើតគណៈកម្មការអន្តរក្រសួង និរាករណ៍គម្រោងចំនួន​៥៥​ក្រុមហ៊ុន ដកហូតដីបានចំនួន ៣១០,៧២៦​ហិកតា, ដោយគណៈកម្មការអន្តរក្រសួង និរាករណ៍គម្រោងចំនួន​៤៦​ក្រុមហ៊ុន ដកហូតដីបានចំនួន​៤៣៧,៣៣៨​ហិកតា ក្នុងនោះ ក្រសួងកសិកម្ម និរាករណ៍គម្រោងចំនួន​២២ ក្រុមហ៊ុន​ស្មើនឹងទំហំផ្ទៃដី ១៤៩,៩១៩​ហិកតា, ក្រសួងបរិស្ថាន និរាករណ៍គម្រោងចំនួន​២៤​ក្រុមហ៊ុន ស្មើនឹងទំហំផ្ទៃដី ២៨៧,៤១៩​ហិកតា។ បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន​២២៩ ត្រូវបានរាជរដ្ឋាភិបាលសម្រេចឲ្យបន្តសុពលភាពលើផ្ទៃដី ១,១៧៨,៦៤៦​ហិកតា ស្ថិតនៅ​១៩​ខេត្ត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានបង់ថ្លៃដីសម្បទានដីសេដ្ឋកិច្ច ត្រូវបង់ចូលថវិកាជាតិសរុបចំនួន​៦,៦៣៦,៧២០.១១​ដុល្លារ​។

ដោយឡែកផ្ទៃដីដែលបានដកហូត និងសល់ពីការកាត់ជូនប្រជាជនប្រមាណជា ៦១៩,៥០៧ហិកតា ត្រូវបានក្រសួងបង្កើតជាស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើ​។

ទី៤៖តុល្យភាព នៃការភិរក្សធនធានធម្មជាតិ និងសហគមន៍ព្រៃឈើ និងកសិកម្ម៖ នៅពាក់កណ្តាលឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្ទេរការងារ អភិរក្សព្រៃឈើទាំងអស់ ជូនទៅក្រសួងបរិស្ថានដែលមាន ២,៦៣៦,០៨០​ហិកតា។ ដោយឡែកការងារគ្រប់គ្រងដីសម្បទាន លើការដាំដុះដំណាំ កសិឧស្សាហកម្មទាំងអស់ បានប្រគល់មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​គ្រប់គ្រងវិញ​។

ទន្ទឹមនឹងនេះ ក្នុងគោលបំណងធានាបាននិរន្តរភាពព្រៃឈើ ជៀសវាងបានការពង្រីកដីថ្មីរបស់សហគមន៍ព្រៃឈើ ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់សហគមន៍ព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់ចេញនូវវិធានការមួយចំនួន ក្នុងការកៀរគររកប្រភពជំនួយ​ដើម្បីបង្កើនប្រាក់ចំណូល តាមរយៈបង្កើតមុខរបរដល់សមាជិកសហគមន៍ តាមរយៈការចិញ្ចឹមសត្វ និងការដាំដុះដំណាំផ្សេងជាមួយព្រៃឈើ ដែលទាញយកកម្រៃបានចេញ ពីការដាំដុះប្ញស្សីយកទំពាំង។ល៕