(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា សមាជិករដ្ឋសភាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានស្នើឲ្យប្រជាពលរដ្ឋ​ទូទាំងខេត្តកំពង់ស្ពឺ ចូលរួមថែរក្សានិងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឲ្យវិស័យកីឡាបាល់ទាត់នៅក្នុងខេត្តកំពង់ស្ពឺនេះ កាន់តែរីកចម្រើនបន្ថែមទៀត។

ការស្នើបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក ហ៊ុន ម៉ានី អញ្ជើញចូលរួមជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលកីឡាបាល់ទាត់ របស់ក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា «ណាហ្គាវើលដ៍បេះដូងសប្បុរស» នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលវគ្គបណ្តុះបណ្តាលពិសេសនេះ មានរយៈពេល៤ថ្ងៃ និងត្រូវបានផ្តល់ដោយក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ដែលជាក្លឹបជើងឯកមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានគាំទ្រដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ហើយគ្រូកីឡាមកពី៩៤អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខេត្តកំពង់ស្ពឺ នឹងទទួលវិញ្ញាបនបត្របង្ហាត់កីឡាបាល់ទាត់អាជីពប្រភេទ «ឃ» និងសម្ភារហ្វឹកហ្វឺន ខណៈសិស្សានុសិស្សប្រមាណ១៨,៥០០នាក់ អាយុចន្លោះ១២ ទៅ១៨ឆ្នាំ នឹងទទួលបានផលប្រយោជន៍ ពីការបណ្តុះបណ្តាលនេះ ផងដែរ។

លោក ហ៊ុន ម៉ានី បានថ្លែងថា «ខ្ញុំសូមសំណូមពរ ទៅដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាគ្រូបង្ហាត់ មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្អូនៗសិស្សានុសិស្សទាំងអស់ ចូលរួមថែរក្សា និងប្រឹងប្រែងធ្វើយ៉ាងណា ឲ្យវិស័យកីឡាបាល់ទាត់ នៅក្នុងខេត្តកំពង់ស្ពឺ កាន់តែរីកចម្រើនបន្ដថែមទៀត»។ លោកថា វិស័យកីឡា គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសជួយកសាងធនធានមនុស្ស ដល់ប្រជាជនកម្ពុជាទាំងមូល ដែលក្នុងនោះមានប្រជាជនភាគច្រើនជាកុមារ។

ជាមួយគ្នានោះ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺរូបនេះ ក៏បានថ្លែងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានបន្តជួយអភិវឌ្ឍអត្តពលិក និងលើកកម្ពស់ ការបណ្តុះបណ្តាលគ្រូកីឡា ក្នុងខេត្តកំពង់ស្ពឺ ដែលនឹងបង្កើតឲ្យមានកីឡាករឆ្នើមច្រើនជាងមុន សម្រាប់ក្លឹបនៅក្នុងលីគ ក៏ដូចជាក្រុមជម្រើសជាតិផងដែរ។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានថ្លែងថា «ណាហ្គាវើលដ៍បេះដូងសប្បុរស មានសេចក្តីសោមនស្សរីករាយ ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវ របស់រដ្ឋាភិបាល ក្នុងការឧបត្ថម្ភ និងគាំទ្រដល់ការ អភិវឌ្ឍកីឡាបាល់ទាត់ នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ ក្នុងខេត្តកំពង់ស្ពឺ ដែលមានរយៈពេល២ឆ្នាំរបស់យើង នឹងធ្វើឲ្យគ្រូកីឡាទូទាំងខេត្តកំពង់ស្ពឺអភិវឌ្ឍខ្លួន ដើម្បីក្លាយជាគ្រូកីឡាបាល់ទាត់អាជីព សម្រាប់កីឡាករវ័យក្មេងជំនាន់ក្រោយ»

នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានបញ្ជាក់ទៀតថា «ក្រៅពីកសាងមូលដ្ឋានគ្រឹះ ដើម្បីលើកកម្ពស់វប្បធម៌លេងកីឡា សម្រាប់សុខភាព យើងសង្ឃឹមថា កម្មវិធីនេះ នឹងជួយធ្វើឲ្យកីឡាករក្មេងៗជំនាន់ក្រោយ ក្លាយជាកីឡាករបាល់ទាត់ដ៏ពូកែ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ»៕