(កណ្តាល)៖ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម ទទួលបន្ទុកជាប្រធានចលនាយុវជន ប្រចាំស្រុកល្វាឯម ខេត្តកណ្តាល ព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ស្រុកល្វាឯម ខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចាប់ឆ្នោត ជ្រើសរើសអាហារូបករណ៍ និងប្រគល់ទទួលអាហារូបករណ៍របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល។

លោក កន សុខ កាយ អភិបាលរងស្រុកល្វាឯមបានឱ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ កន្លងទៅនេះ ទូទាំងស្រុកល្វាឯម មានបេក្ខជនមានឈ្មោះទៅប្រឡងសរុបមានចំនួន៣៦៤នាក់ ស្រី១៩៥នាក់។ ដោយឡែកលទ្ធផលទទួលបាន មានបេក្ខជនប្រឡងជាប់សរុបចំនួន៣១៨នាក់ ស្រីចំនួន១៧០នាក់ ស្នើនឹង៨៧.១២ភាគរយ ក្នុងនោះអ្នកជាប់និទ្ទេស B មានចំនួន ០៦ នាក់, C មានចំនួន២៥នាក់, D មានចំនួន ៨៥នាក់ និង E មានចំនួន២០២នាក់។ បើប្រៀបធៀបនឹងឆ្នាំសិក្សា ២០១៦ -២០១៧ អត្រាសិស្សប្រឡងជាប់ មានការកើនឡើងចំនួន២០.៥៦ភាគរយ។

លោក កៅ ថាច តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានពាំនាំការសាកសួរសុខទុក្ខរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងសំដែងសេចក្តីត្រេកអរ និងសូមធ្វើការអបអរសាទរ ដល់ប្អូនៗសិស្សានុសិស្សទាំង៥៣នាក់ ដែលមានឱកាសទទួលបានអាហារូបករណ៍របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីធ្វើការបន្តការសិក្សារបស់ខ្លួន នៅតាមបណ្តាមហាវិទ្យាល័យដែលខ្លួនចង់បន្តការសិក្សា។

លោក កៅ ថាច បានបញ្ជាក់បន្ថែមទៀតថា អាហារូបករណ៍របស់ប្អូនៗ ទទួលបាននៅថ្ងៃនេះ មិនមែនបានមកដោយចៃដន្យនោះទេ ប៉ុន្តែប្អូនៗទទួលបានដោយការខិតខំប្រឹងប្រែងរៀនសូត្រ រហូតប្រឡងជាប់ទទួលបានលំដាប់ពិន្ទុខ្ពស់ ក្នុងចំណោមសិស្សជ័យលាភី ហើយម្យ៉ាងទៀតប្អូនៗ បានចំណាយពេលវេលាឆ្លៀតជួយ ដល់ការងាររបស់សង្គម និងមូលដ្ឋានដែលប្អូនៗកំពុងរស់នៅផ្ទាល់។ ឆ្លងកាត់ការខិតខំទាំងអស់នេះ ទើបប្អូនៗទទួលបានការវាយតម្លៃពីលោកគ្រូ អ្នកគ្រូ ពីអាជ្ញាធរ សម្រេចឱ្យប្អូនទទួលបានអាហារូបករណ៍សិក្សារហូតដល់ចប់ពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។ ដូចនេះ នៅពេលប្អូនៗ ទៅបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យលោក កៅ ថាច បន្តលើកទឹកចិត្ត និងស្នើសុំឱ្យប្អូនបន្តខិតខំបន្ថែមទៀត ដោយពង្រឹងសមត្ថភាព ដើម្បីឈានឡើងចាប់ឱកាសការងារដែលកំពុងរង់ចាំប្អូនៗ។

លោក កៅ ថាច បានធ្វើការណែនាំខ្លះៗដល់ប្អូនៗ នៅពេលដែលទៅបន្តការសិក្សានៅមហាវិទ្យាល័យ៖

* ត្រូវខិតខំសិក្សារៀនសូត្រ លើមុខជំនាញដែលខ្លួនបានជ្រើសរើស និងត្រូវសិក្សារហូតដល់ចប់ មិនត្រូវបោះបង់អាហារូបករណ៍នេះ ចោលកណ្តាលផ្លូវឡើយ។

* ត្រូវខិតខំរៀនសូត្រភាសាបរទេស ឱ្យមានជំនាញច្បាស់លាស់ ដើម្បីទទួលបានឱកាសការងារ និងប្រាក់បៀវត្សខ្ពស់ នៅពេលប្អូនបញ្ចប់ការសិក្សា។

* ឆ្លៀតពេលចុះជួយការងារសង្គម និងការងារមូលដ្ឋានតាមដែលអាចធ្វើបាន ព្រោះសកម្មភាពទាំងអស់នេះ ជួយដល់ប្អូនៗទទួលបានបទពិសោធន៍ នៃបំនិនជីវិតថ្មី ដោយផ្សារភ្ជាប់ទ្រឹស្តីនៃការសិក្សាទៅនឹង ការអនុវត្តការងារក្នុងសង្គមជាតិ។

* ត្រូវគោរពស្រឡាញ់ដឹងគុណឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូជានិច្ច និងបន្តចូលរួមថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ផងដែរថា ចំពោះសិស្សជាលាភីចំនួន៥៣នាក់ ទទួលបានអាហារូបករណ៍របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទៅបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យត្រូវបានបែងចែកទៅតាម៖

១៖ សកលវិទ្យាល័យកម្ពុជាចំនួន៦ កន្លែង
២៖ សាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន១កន្លែង
៣៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន៤កន្លែង
៤៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៨កន្លែង
៥៖ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន៦កន្លែង
៦៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ចំនួន៨កន្លែង
៧៖ សាលាជាតិកសិកម្មព្រែកលាបបរិញ្ញាបត្រ១០កន្លែង និងបរិញ្ញាបត្ររងចំនួន១០កន្លែង៕