(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា គ្រប់ពេលវេលាអង្គការសហប្រជាជាតិ និងប្រទេសកម្ពុជា តែងតែធ្វើការ ជាមួយគ្នាជានិច្ចទោះស្ថិតនៅក្នុងកាលៈទេសៈ​ណាក៏ដោយ គឺកម្ពុជាតែងតែគាំទ្រនូវការសំណូមពរជានិច្ច ទៅតាមសមត្ថភាពរបស់ខ្លួនមាន។

ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលសម្តេច និងលោក Hubert Staberhofer អ្នកតំណាងនៃប្រព័ន្ធអង្គការ សហប្រជាជាតិនៅកម្ពុជា រួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ ចូលរួមទទួលកងកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន២៨៩នាក់ ដែលធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្ម របស់អង្គការសហប្រជាជាតិ (UN) នៅប្រទេសអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា មិនតែប៉ុណ្ណោះអង្គការសហប្រជាតិ និងកម្ពុជា តែងតែគិតគូររៀបចំកម្លាំងរបស់ខ្លួន ដើម្បីចេញទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាព នៅតាមបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិច និងតំបន់មជ្ឈបូព៌ាផងដែរ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា សង្កត់ធ្ងន់ៗថា «ទាំងនេះវាស្តែងឱ្យឃើញច្បាស់ណាស់ថា ក្រោមការដឹកនាំរបស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជា រីកមុខរីកមាត់នៅលើកឆាក់អន្តរជាតិ និងតំបន់ ដែលខុសស្រឡះពីក្រុមមនុស្សមួយចំនួនដែលថ្មីនេះ បាននាំគ្នាធ្វើព្យុះភ្លៀងនៅអង្គការសហប្រជាជាតិ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា ធ្លាក់ចូលក្នុងភាពអន្តរាយផងដែរ»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា បន្ទាប់ពីកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ នៅក្នុងប្រទេស រាជរដ្ឋាភិបាលបានចូលចំណែកមួយចំនួន ដោយបានបញ្ជូនកម្លាំងរបស់ខ្លួនឱ្យចូលរួមប្រតិបត្តិការរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ដែលជួបនូវបញ្ហាសង្គ្រាមដូចកម្ពុជា ពីអតីតកាល ហើយកម្ពុជា នឹងខំធ្វើយ៉ាងណាដើម្បីប្រទេសទាំងនោះឆាប់ទទួលបានសុខសន្តិភាព តាមអ្វីដែលកម្ពុជា អាចធ្វើទៅបាន។

ឆ្លៀតឱកាសនោះដែរ លោក Hubert Staberhofer បានថ្លែងថា ការរក្សាសន្ដិភាពអង្គការសហប្រជាជាតិ គឺជាការវិនិយោគក្នុងសន្ដិសុខ សន្ដិភាព និងការរុងរឿងក្នុងសកលលោក។ នៅជុំវិញពិភពលោក កម្លាំងមួកខៀវ គឺជានិមិត្តដ៏ជាក់លាក់នៃការប្ដេជ្ញាចិត្តរបស់របស់រដ្ឋធម្មនុញ្ញ «គឺដើម្បីសង្គ្រោះមនុស្សជំនាន់ក្រោយពីសង្គ្រោមរុំាវៃ»។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្ដិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម បានបង្ហាញថា ក្នុងរយៈពេល១២ឆ្នាំមកនេះ កម្ពុជាបានទទួលស្នាដៃដ៏ធំធេងជាច្រើនរួមមាន ការដោះមីន ការកំទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក-បញ្ឈរ ការជីកអណ្ដូងទឹកស្អាត ដោយកម្ពុជាទទួលបានលំដាប់ល្អជាងគេ ក្នុងតំបន់បេសកកម្ម ដែលហានិភ័យខ្ពស់ ដែលប្រទេសមួយចំនួនមិនឆ្លើយតបទៅនឹងការស្នើសុំរបស់ អ.ស.ប៕